កំពង់ចាម ៖ សពបុរសម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ក្នុងផ្ទះម្នាក់ឯង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៦និង៤៥នាទី នៅចំណុចភូមិរការលើសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ប៉ូលិសបានឲ្យដឹងថា ក្រោយពីទទួលបានដំណឹងភ្លាម លោកវរសេនីយ៍ទោ អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានចាត់កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់សំបួរមាស សហការជាមួយជំនាញអធិការនគរបាលក្រុងកំពង់ចាម ចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវ។
ជនរងគ្រោះដែលដេកស្លាប់ ឈ្មោះ ចាន់ សុភាព ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិរកាលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ប៉ូលិសបានបន្តថា បន្ទាប់មក សមត្ថកិច្ចបានបង្កើតគណៈកម្មការចម្រុះពិនិត្យសាកសព ក្នុងនោះមាន ៖
-នគរបាលជំនាញបច្ចេកទេស និងកោសល្យវិច័យខេត្តកំពង់ចាម
-គ្រូពេទ្យខេត្ត ជំនាញ អធិការដ្ឋាននគរបាលក្រុងកំពង់ចាម
-មេភូមិ ចៅសង្កាត់សំបួរមាស និង សាច់ញាតិបងប្អូនរបស់ជនរងគ្រោះ។
ប៉ូលិសបានបន្តថា ឆ្លងតាមការពិនិត្យសាកសពខាងលើគណៈកម្មការសន្និដ្ឋានបានថា សពជនរងគ្រោះ គ្មានរបួស គ្មានស្លាកស្នាមនៅលើដងខ្លួន អវយវៈក៏គ្មានអ្វីកត់សំគាល់ដែរ។
តាមការសន្និដ្ឋានខាងលើរបស់សមត្ថកិច្ចចម្រុះបានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារទទួលទានស្រាលើសកម្រិតបណ្ដាលឲ្យស្ទះផ្លូវដង្ហើម និងគាំងបេះដូង ហើយពុំមានពាក់នឹងបទល្មើសព្រហ្មទណ្ឌឡើយ។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments