កំពង់ចាម ៖ ព្រោះតែខឹងនឹងគេមើលមុខច្រើនដងពេក ក៏ក្លាយជាអំពើហិង្សាដោយចេតនាមួយបានកើតឡើងកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៤និង៤៥នាទី នៅចំណុចរោងកាហ្វេ ឈ្មោះយ៉ាន់ វណ្ណះ ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិទួលចំបក់ ឃុំបារាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ជនបង្កមាន ឈ្មោះ រ៉ាន់ សុខារិទ្ធិ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិទួលចំបក់ ឃុំបារាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយបានយកកាំបិតបុ័ងតោរបស់ម្ចាស់ហាងលក់កាហ្វេ កាប់លើឈ្មោះ អ៊ឹង ចិន្ដា ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិឃុំស្រុកជាមួយគ្នា ត្រូវចំក្បាលពីក្រោយផ្នែកខាងឆ្វេងចំនួន០១កន្លែងនិងឆ្អឹងជំនីខាងស្ដាំ១កន្លែង បណ្តាលឲ្យរងរបួសធ្ងន់ ហើយក្រុមគ្រួសារបញ្ជូនទៅមន្ទីរស្រុកព្រៃឈរខេត្តកំពង់ចាម។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយផឹកកាហ្វេ នៅក្នុងហាងលក់ខាងលើ នៅខណៈដែលកំពុងអង្គុយផឹកកាហ្វេដោយមិនដឹងខ្លួន ស្រាប់តែឈ្មោះ សុខា រិទ្ធ បានមកដល់ ហើយយកកាំបិតបុ័ងតោរបស់ម្ចាស់ហាងដើរសំដៅទៅជនរងគ្រោះរួចក៏កាប់ក្បាលពីក្រោយ។ ប៉ូលិសបានឲ្យដឹងថា ក្រោយកើតហេតុ សមត្ថកិច្ចបានចាប់ខ្លួនជនបង្កនាំមកអធិការដ្ឋាន។
ជនសង្ស័យបានសារភាពថា ខ្លួនមានគំនុំផ្ទាល់ខ្លួន ដោយសារខឹងជនរងគ្រោះចេះតែលួចមើលមុខខ្លួនកន្លងមក។
ប៉ូលិសបានបញ្ជាក់ថា ជនសង្ស័យ ត្រូវកម្លាំងប៉ុស្តិ៍សហការជាមួយជំនាញ នាំមកអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ធ្វើតេស្តរកសារធាតុញៀនឃើញថា វិជ្ជមាន។
បច្ចុប្បន្ន ជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ រួមទាំងវត្ថុតាងកាំបិតចំនួន០១ ដើម្បីសាកសួរកសាងសំណុំរឿងតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments