ភ្នំពេញ ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី០៨វិច្ឆិកានេះ បានទទួលការចូលជួបសម្ដែងការគួរសម និងសវនាការជាមួយ លោក លី ហ្វី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិន និងជាប្រធានគណៈកម្មាធិការធម្មនុញ្ញ និងច្បាប់ នៃប្រទេសចិន នៅវិមានរដ្ឋសភា ខណៈដែលលោកដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារស្វែងយល់អំពីច្បាប់វិនិយោគ ក៏ដូចជាច្បាប់ពាណិជ្ជកម្មរបស់កម្ពុជា។
លោក គឹម សាម នាយករងខុទ្ទកាល័យ និងជាទីប្រឹក្សាសម្ដេចប្រធានរដ្ឋសភា បានឲ្យដឹងនៅក្រោយជំនួបនោះថា សម្ដេចប្រធានរដ្ឋសភាបានស្វាគមន៍ និងបានជម្រាបជូនគណៈប្រតិភូអំពីទំនាក់ទំនងល្អរវាងប្រទេសចិន និងប្រទេសកម្ពុជា មានការផ្លាស់ប្ដូរនូវទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជាគណៈកម្មការជំនាញនានា ជាពិសេសគោលនយោបាយចិន ផ្លូវមួយ ខ្សែក្រវាត់មួយ ដែលបានធ្វើឲ្យវិស័យវិនិយោគ ឧស្សាហកម្ម និងទេសចរណ៍នៅកម្ពុជាកាន់តែមានការរីកចម្រើនខ្លាំងឡើងៗ។
លើសពីនេះទៀត ថ្មីៗនេះ ធនាគារជាតិ នៃកម្ពុជា បានទទួលយកប្រាក់យ័នចិន សម្រាប់ទូទាត់នៅក្នុងធនាគារទៀត ដែលធ្វើឲ្យកាន់តែមានភាពងាយស្រួលនៅក្នុងការធ្វើវិនិយោគ ក៏ដូចជាការធ្វើពាណិជ្ជកម្ម និងទេសចរណ៍របស់ប្រជាជនចិននៅកម្ពុជា។
សម្ដេចក៏បានជម្រាបជូនដែរថា បច្ចុប្បន្នប្រទេសចិន ជាអ្នកវិនិយោគធំទី១ នៅកម្ពុជា ហើយទំហំពាណិជ្ជកម្មកាន់តែមានការកើនឡើង បង្ហាញឲ្យឃើញពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អ។
លោក លី ហ្វី ប្រធានគណៈប្រតិភូចិន ជាមួយការថ្លែងអំណរគុណសម្ដេច លោកបានលើកឡើងថា សម្ដេចជាអ្នកនយោបាយដ៏ល្បីល្បាញ ដែលពិភពលោកស្គាល់ ជាពិសេសប្រជាជនចិនបានស្គាល់សម្ដេច ហើយសម្ដេចមានតួនាទីច្រើនក្នុងការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍកម្ពុជា និងជាអ្នកពូនជ្រំទំនាក់ទំនងល្អរវាងកម្ពុជា និងចិន។
លោកប្រធានគណៈប្រតិភូ ក៏បានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសចិន និងកម្ពុជា ជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
បន្ទាប់មកនៅព្រឹកថ្ងៃដដែលនេះដែរ គណៈប្រតិភូសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិន ក៏បានអញ្ជើញចូលជួបពិភាក្សាការងារ ជាមួយគណៈកម្មការទី៦ គឺគណៈកម្មការ នីតិកម្ម នៃរដ្ឋសភាកម្ពុជា ដើម្បីសិក្សាស្រាវជ្រាវអំពីច្បាប់វិនិយោគ ក៏ដូចជាច្បាប់ពាណិជ្ជកម្មរបស់កម្ពុជាលម្អិតថែមទៀត ដើម្បីធ្វើយ៉ាងណាផ្សព្វផ្សាយជូនអ្នកវិនិយោគ ក៏ដូចជាអ្នកធ្វើពាណិជ្ជកម្មចិន បានយល់ច្បាស់ និងស៊ីជម្រៅ ងាយស្រួលពួកគេមកធ្វើការវិនិយោគ ឬធ្វើពាណិជ្ជកម្ម នៅកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments