ភ្នំពេញ ៖ មកដល់យប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំសាកល្បងបើកភ្លើងបំភ្លឺសាធារណៈនៅគ្រប់ទិសទី ពិសេសនៅទីតាំងប្រារព្ធព្រះរាជពិធីមិន្ទិញនៅមុខព្រះបរមរាជវាំង និងតំបន់ជុំវិញ ក្រោយពីបានធ្វើការតុបតែងលម្អភ្លើងបំភ្លឺ ជួសជុលសួនច្បារមាត់ទន្លេរួចរាល់។
ការរៀបចំតុបតែងដោយភាពយកចិត្តទុកដាក់ខ្ពស់នេះ ធ្វើឡើងដើម្បីស្វាគមន៍បុណ្យឯករាជ្យជាតិ០៩វិច្ឆិកា ខួបលើកទី៦៥ ថ្ងៃទី០៩វិច្ឆិកា និងបុណ្យអុំទូកដែលនឹងចូលមកដល់នៅថ្ងៃទី២១ ដល់ទី២៣ខែវិច្ឆិកាខាងមុខនេះ។
ពាក់ព័ន្ធនឹងការងារខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញបានផ្ដើមអនុវត្តដោយធ្វើការតុបតែងភ្លើងរំយោលតាមដើមឈើមហាវិថីព្រះនរោត្តម ចាប់ពីវិមានឯករាជ្យដល់រង្វង់មូលរមណីយដ្ឋានវត្តភ្នំ និងតុបតែងភ្លើងហ្វា LED នៅដើមស្លាយក្សនៅតាមមាត់ទន្លេ ដើម្បីត្រៀមព្រះរាជពិធីបុណ្យអុំទូក។
មន្ត្រីជំនាញរដ្ឋបាលរាជធានីបានអះអាងថា មកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់កម្លាំងគ្រប់គ្រាន់ក្នុងការការពារសណ្ដាប់ធ្នាប់ និងសន្តិសុខជូនប្រជាពលរដ្ឋ ដើរលេងកម្សាន្ត ក្នុងឱកាសបុណ្យឯករាជ្យជាតិ០៩វិច្ឆិកា ខួបលើកទី៦៥ និងបុណ្យទូក អកអំបុក និងសំពះព្រះខែដែលជាបុណ្យប្រពៃណីនៅពេលខាងមុខនេះ៕
Source: Kampuchea Thmey Daily
0 Comments