រតនគិរី ៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន១៦០នាក់ បានក្អួតចង្អោរ ខណៈដែលពួកគាត់បានពុលចំណីអាហារ ក្នុងពិធីបុណ្យសពនៅក្នុងភូមិ។
ករណីពុលចំណីអាហារនេះ បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងភូមិល្អើនក្រែន ឃុំអូរជុំ ស្រុកអូរជុំ។
តាមការបញ្ជាក់ពី លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរីបានឲ្យសារព័ត៌មានដឹងតាមទូរស័ព្ទ ថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម លោកបានបញ្ជូនក្រុមគ្រូពេទ្យចុះទៅទីតាំងកើតហេតុភ្លាម ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ។
លោកបន្តថា មូលហេតុក្អួតចង្អោរនេះគឺបណ្តាលមកពីពួកគាត់បរិភោគចំណីអាហារមិនមានអនាម័យល្អ។ តែទោះជាយ៉ាងណា ករណីនេះមិនមានប្រជាពលរដ្ឋណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។
លោកថា គិតមកដល់ម៉ោង៤ល្ងាចថ្ងៃទី៨ គឺស្ថានភាពរបស់ពួកគាត់ទាំង១៦០នាក់នេះបានធូរស្រាលវិញហើយ ដោយក្រុមគ្រូពេទ្យប្រចាំការនៅទីនោះពិនិត្យព្យាបាល និងធ្វើការតាមដានសុខភាពជូនរហូតដល់ពួកគាត់បានជាសះស្បើយឡើងវិញផងដែរ៕
Source: Kampuchea Thmey Daily
0 Comments