សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា បុរសជនជាតិអាមេរិកម្នាក់បានដេកស្លាប់ក្នុងបន្ទប់ជួលជាច្រើនថ្ងៃ ដោយសារជំងឺសំពាធឈាមឡើងគំហុក។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោងប្រហែល២០និង០០នាទី ថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិ ស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកឧត្ដមសេនីយ៍ត្រី ជា គឹមសាន ស្នងការរង ទទួលបន្ទុកផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលជំនាញខេត្តបានទទួលព័ត៌មានពីតំណាងម្ចាស់ផ្ទះជួលថា មានករណីជនបរទេសស្លាប់ ភ្លាមៗនោះកម្លាំងយើងបានចុះទៅដល់កន្លែងកើតហេតុពិនិត្យឃើញថា ជនរងគ្រោះមានឈ្មោះ RIVERS DEAN STEPHEN ភេទ ប្រុសអាយុ៧១ឆ្នាំ ជនជាតិ អាមេរិក កាន់លិខិតឆ្លងដែនលេខ ៥៦៦០៣៤២៨៤ មុខរបរ ចូលនិវត្តន៍ បានដេកស្លាប់នៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិ ស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
លោកបន្តថា តាមការសាកសួរតំណាងម្ចាស់ផ្ទះបានឲ្យដឹងថា ដោយមិនឃើញជនរងគ្រោះចេញពីក្នុងបន្ទប់ខ្លួនមានការសង្ស័យក៏បានទៅបើកទ្វារបន្ទប់មើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់ ហើយខ្លួនក៏បានរាយការណ៍ជូនសមត្ថកិច្ចតែម្ដង។
លោកបញ្ជាក់ថា ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់រយៈពេលប្រហែលជាបីថ្ងៃមកហើយ ដោយសារជំងឺសំពាធឈាមឡើងគំហុកបណ្ដាលឲ្យស្លាប់។
លោកបញ្ជាក់ទៀតថា សពត្រូវបានបញ្ជូនទៅតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី)រាជធានីភ្នំពេញ តាមសំណូមពររបស់តំណាងស្ថានទូត៕
Source: Kampuchea Thmey Daily
0 Comments