បន្ទាយមានជ័យ ៖ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកបានឲ្យកម្លាំងអាវុធហត្ថទូទាំងប្រទេសត្រូវចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ដូចជា ការកាប់ព្រៃឈើខុសច្បាប់ កាប់រានទន្ទ្រានយកដីរដ្ឋ កាយដីភ្នំលក់ដោយខុសច្បាប់ រុករករ៉ែខុសច្បាប់ ចាប់ ឬនាំសត្វព្រៃខុសច្បាប់ និងបទល្មើសនេសាទខុសច្បាប់ជាដើមនៅតាមខេត្តឲ្យអស់។
ក្នុងនោះដែរ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកបានបញ្ជាឲ្យ លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ បានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះមួយក្រុម ចុះធ្វើការហាមឃាត់ និងបញ្ឈប់ការជីកកកាយដីភ្នំដោយខុសច្បាប់ នៅចំណុចភ្នំទ្រយោង ស្ថិតនៅភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន១នាក់មានឈ្មោះ សឿម សំបូរ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាឈ្មួញធំពូកែខាងលួចកាយដីភ្នំយកទៅលក់ដោយគ្មានច្បាប់អនុញ្ញាតស្ទើររាបដល់ដី។
ព្រមទាំងដកហូតវត្ថុតាងរួមមាន អេស្កាវ៉ាទ័រចំនួន១គ្រឿង រីឯម្ចាស់អេស្កាវ៉ាទ័រ ដែលបានបង្កហេតុធ្វើឲ្យអ្នកបើករថយន្តដឹកដីម្នាក់ស្លាប់នៅការដ្ឋានរយៈពេលកន្លងមក អាចត្រូវចោទបន្ថែមពីបទ ធ្វេសប្រហែសបណ្ដាលឲ្យមនុស្សស្លាប់។
ក្នុងករណីខាងលើនេះដែរ កម្លាំងជំនាញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments