ភ្នំពេញ ៖ លោក ព្រំ សារិទ្ធ អតីតនាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសាជប៉ុន ដើម្បីនាំពលករទៅធ្វើការនៅប្រទេសប៉ុន ត្រូវបាននាំខ្លួនមកកាត់ទោសកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ពាក់ព័ន្ធបទល្មើសឆបោកប្រាក់ពលរដ្ឋ។ ជនជាប់ចោទឈ្មោះ ព្រំ សារិទ្ធ ភេទប្រស អាយុ៣៩ឆ្នាំ ឈ្មោះ មិន ចំណាប់ ភេទប្រុស និងឈ្មោះ សី មុំ ជាលេខាធិការ។
ក្នុងសវនាការជនជាប់ចោទ ព្រំ សារិទ្ធ បានសារភាពថា នៅអំឡុងខែតុលា ឆ្នាំ២០១៧ ខ្លួនបានបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសាជប៉ុន ទីតាំងនៅក្នុងខណ្ឌសែនសុខ ក្នុងគោលបំណងនាំអ្នកចេះភាសាជប៉ុនទៅធ្វើការនៅប្រទេសជប៉ុន ដោយសិស្សម្នាក់ៗត្រូវបង់ប្រាក់មុនចំនួន៨០០ដុល្លារ រៀនរយៈពេល៦ខែ។
ពេលរៀនភាសាចប់ ត្រូវរៀនជំនាញរយៈពេលមួយឆ្នាំទៀត ដើម្បីត្រៀមចេញ ដែលក្នុងរយៈពេលត្រៀម ពលករម្នាក់ៗត្រូវបង់លុយ២៥០០ដុល្លារបន្ថែម។
លុយទាំងនេះ គឺយកទៅធ្វើលិខិតឆ្លងដែនឲ្យពលករទាំងអស់ ពិនិត្យសុខភាព និងបំពេញបែបបទផ្សេងៗ។ លុះពេលត្រូវចេញទៅធ្វើការពលករត្រូវបង់ប្រាក់បន្ថែមក្នុងម្នាក់ៗ៦.៥០០ដុល្លារទៀត ប៉ុន្តែពលករក្នុងវគ្គ១នេះមិនទាន់បានចេញទៅទេ ដោយសារដៃគូសហការនៅប្រទេសជប៉ុនជួបគ្រោះថ្នាក់ចរាចរណ៍ដួលស្លាប់ ហើយក្រុមហ៊ុនកំពុងរកដៃគូថ្មី ដើម្បីបញ្ជូនពលករចេញទៅ ស្រាប់តែក្រុមពលករប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនតែម្ដង។
រឿងក្ដីនេះតុលាការទើបតែសាកសួរជនជាប់ចោទបានពាក់កណ្ដាល ក៏ត្រូវបញ្ឈប់ដោយសារអស់ម៉ោងរដ្ឋបាលម៉ោង១២ទៅហើយ ចៅក្រមក៏សម្រេចផ្អាក ហើយនឹងបន្តសវនាការនៅថ្ងៃទី២៨វិច្ឆិកាខាងមុខ។
យ៉ាងហោចណាស់មានពលករប្រមាណ៣១នាក់ បានប្ដឹងទាមទារប្រាក់ពីឈ្មោះ ព្រុំ សារីទ្ធ នាយកមជ្ឈមណ្ឌលភាសាជប៉ុន ដោយចោទប្រកាន់ពីបទឆបោក៕
Source: Kampuchea Thmey Daily
0 Comments