Samsung Galaxy J4+ & J6+ ទទួលបានជោគជ័យយ៉ាងខ្លាំង នៅក្នុងទីផ្សារប្រទេសកម្ពុជា សម្រាប់ស្មាតហ្វូនថ្នាក់កណ្ដាល។ បន្ទាប់ពីការដាក់លក់ជាផ្លូវការ មិនបានយូរប៉ុន្មាន ប៉ុន្តែ Samsung Galaxy J4+ & J6+ ទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំងហួសពីការស្មាន ដោយសារស្មាតហ្វូននេះមាន រូបរាងស្លីមបែបស៊ីវិល័យ អេក្រង់ពេញតួ កាមេរ៉ាភ្លោះ ស្កេនក្រយៅដៃពីចំហៀង ស័ក្ដិសមបំផុតសម្រាប់តម្រូវការអ្នកប្រើប្រាស់បច្ចុប្បន្ន។
មិនត្រឹមតែប៉ុណ្ណោះ អមមកជាមួយតម្លៃម៉ាអេម ដែលជាហេតុ អាចឆកយកចិត្តអ្នកប្រើប្រាស់បានយ៉ាងច្រើន។ ចំពោះ Galaxy J4+ គឺមានតម្លៃត្រឹមតែ១៥៩ដុល្លារប៉ុណ្ណោះ ដែលមានជម្រើស៣ពណ៌ ដ៏ស៊ីវិល័យ គឺ ពណ៌ផ្កាឈូក, ពណ៌ខ្មៅ និងពណ៌មាស ហើយ សម្រាប់ Galaxy J6+ វិញ គឺមានតម្លៃ ២០៩ដុល្លារ រួមជាមួយជម្រើស៣ពណ៌ ដ៏ទាក់ទាញ គឺពណ៌ក្រហម, ពណ៌ខ្មៅ និងពណ៌ប្រផេះ។
លោក Seungho Choi អគ្គនាយកគ្រប់គ្រង នៃក្រុមហ៊ុនថៃសាមសុង អេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ក្រុមហ៊ុនសាមសុង តែងតែផ្ដល់ទំនុកចិត្ត ភាពច្នៃប្រឌិតខ្ពស់ សមស្របតាមសម័យកាល និងតម្រូវចិត្តទៅតាមអតិថិជនគ្រប់ស្រទាប់ក្នុងសង្គម។ ហើយនេះគឺជាភាពជោគជ័យមួយសម្រាប់ក្រុមហ៊ុនសាមសុង និងត្រកូល Galaxy J ផងដែរ។ នៅឆ្នាំបន្តបន្ទាប់ទៀត យើងនឹងពាំនាំនូវអ្វីដែលថ្មីៗ ភាពអស្ចារ្យ បច្ចេកវិទ្យាទំនើប និងឈានមុខគេជានិច្ច ធានាជូននូវគុណភាពនឹងតម្លៃ”។
តោះចឹងទៅរំលឹកពីលក្ខណៈសម្បត្តិរបស់ Samsung Galaxy J4+ & J6+ ម្ដងទៀតទាំងអស់គ្នា ៖
1. Galaxy J4+
Samsung Galaxy J4+ មានទម្ងន់ស្រាល រាងស្តើង និងបំពាក់នូវអេក្រង់ HD+ ទំហំ6-inch ដ៏ធំច្បាស់ល្អ ដែលផ្តល់នូវកម្រិតរូបភាព និងពណ៌ច្បាស់ដូចធម្មជាតិ ដែលជាដៃគូដ៏ល្អឥតខ្ចោះសម្រាប់ការទស្សនាវីដេអូ លេងហ្គេម និងអាចប្រើប្រាស់មុខងារចែកអេក្រង់ជាពីរបានផងដែរ។
ក្រៅពីអេក្រង់ចំណុចដ៏ទាក់ទាញរបស់ Galaxy J4+គឺបំពាក់នូវកាមេរ៉ាខាងក្រោយទំហំ១៣មេហ្គាភិចសែល កាមេរ៉ាខាងមុខទំហំ៥ មេហ្គាភិចសែល រួមជាមួយមុខងារ Selfie Focus និង LED Flash ងាយស្រួលក្នុងការចាប់យករូបភាពបានស្អាតទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
2. Galaxy J6+
ជាមួយអេក្រង់ដ៏ធំទំហំ 6-inch កំរិតបង្ហាញ ភាពច្បាស់ 720 x 1480 pixels ប្រភេទ HD+ និងបំពាក់នូវកាមេរ៉ាក្រោយភ្លោះទំហំ13 MP f/1.9 សម្រាប់ថតរូបចាប់ប្លង់ទូលាយ និងមួយគ្រាប់ទៀតទំហំ 5 MP f/2.2 សម្រាប់ថតរូបព្រិលផ្ទៃខាងក្រោយ, កាមេរ៉ាមុខទំហំ 8MP f/1.9 រួមជាមួយមុខងារLive Focus ,Bokeh Effects ផងដែរ។
ចំណុចដ៏ទាក់ទាញមួយទៀតរបស់ Galaxy J6+ គឺបានបំពាក់នូវសេនសឺស្គេនក្រយៅដៃ ស្ថិតនៅចំហៀង នៃទូរស័ព្ទដែលផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់៕
Source: Kampuchea Thmey Daily
0 Comments