ព្រឹត្តិការណ៍ប្រកួតប្រដាល់ជម្រុះដណ្ដើមប្រាក់១០លានរៀល របស់ក្រុមហ៊ុនស្រាបៀGanz berg ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅយប់ថ្ងៃសៅរ៍ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ជាការប្រកួតសប្ដាហ៍ទី២ លើកទី១របស់ គឿម សុវណ្ណឌឿត , គួន សុវណ្ណ , សៅ ប៊ុនធឿន និង លីន វណ្ណៈ។
សម្រាប់ការប្រកួតសប្ដាហ៍ទី២នេះ ដែលមាន២គូ នោះ គឺគឿម សុវណ្ណឌឿត ក្លិបមោងឬស្សីមរតកគុនខ្មែរ ត្រូវជួបប្រកួតជាមួយ គួន សុវណ្ណៈ ក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅ ហើយ សៅ ប៊ុនធឿន ក្លិបតាព្រហ្មមានជ័យ ត្រូវជួបប្រកួតជាមួយ លីន វណ្ណៈ ក្លិបបូរីរាជសីហ៍មានរិទ្ធ។
រវាង គឿម សុវណ្ណឌឿត និង គួន សុវណ្ណ មិនធ្លាប់ដែលប៉ះគ្នាទេកន្លងមក។ ពួកគេទាំងពីរ សុទ្ធតែមានសមត្ថភាពបច្ចេកទេសខ្ពស់ដូចគ្នា ដែលមិនមាននរណាហ៊ានមើលស្រាលគ្នានោះទេ ក្នុងការជួបគ្នាលើកដំបូងនេះ។
ចាំមើល តើក្នុងការប្រកួតរវាង គឿម សុវណ្ណឌឿត និង គួន សុវណ្ណ លើកនេះ តើអ្នកណារកបាន៣ពិន្ទុនោះ?។ គឿម សុវណ្ណឌឿត ប្រកួតចុងក្រោយនេះ គេវាយចាញ់ រឿន សុខលី ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ក្នុងទឹកទី៣ ឯការប្រកួតលើកចុងក្រោយរបស់ គួន សុវណ្ណ គឺវាយឈ្នះ ប្រាក់ ស៊ីណាត ក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែងដោយពិន្ទុ។
ចំពោះ ការជួបគ្នា រវាង សៅ ប៊ុនធឿន និង លីន វណ្ណៈ វិញនោះ ក៏ពុំធ្លាប់ជួបគ្នាដែរពីមុនមក។ ពីរនាក់នេះ ទើបឡើងប្រកួតជាលើកដំបងប៉ុណ្ណោះ សម្រាប់ការប្រកួតជម្រុះដណ្ដើមប្រាក់លាននេះ។
សម្រាប់ការជួបគ្នាលើកទី១នេះ ទោះជាគេមិនហ៊ានទស្សន៍ទាយមុនថានរណាជាអ្នកឈ្នះនោះ ក៏គេរំពឹងទុកថា សៅ ប៊ុនធឿន ជាអ្នកដែលមានប្រៀបឈ្នះលើ លីន វណ្ណៈ ដែរ។ ដូច្នេះចាំមើល ការប្រកួតជាក់ស្ដែង តើនរណាជាអ្នកឈ្នះនោះ?។
សៅ ប៊ុនធឿន ប្រកួតលើកចុងក្រោយនេះ គេវាយចាញ់ ង៉ែត វុធ ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ដោយពិន្ទុ។
ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរគូម៉ារ៉ាតុង ដណ្ដើមប្រាក់១០លានរៀលវគ្គ៣របស់ក្រុមហ៊ុនស្រាបៀGanzberg ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម មានអ្នកប្រដាល់ចំនួន០៨នាក់ មកពីសមាគម-ក្លិបចំនួន៨ បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ។
អ្នកប្រដាល់ទាំង០៨រូបនោះ ត្រូវបែងចែកជាពីរពូល មួយពូលមាន៤រូប ដែលក្នុងពូលA មានកីឡាករ ជី ឆៃលី សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ, វ៉ន វ៉ុន ក្លិបអេភូថងកីឡា , សៅ ប៊ុនធឿន ក្លិបតាព្រហ្មមានជ័យ និង គឿម សុវណ្ណឌឿត ក្លិបមោងឬស្សីមរតកគុនខ្មែរខេត្តបាត់ដំបង។
ចំណែកពូល B មាន ម៉ន វ៉ាន្នី ក្លិបការិយាល័យទី៥ កងទ័ពជើងគោក, ឡុង ខេត្ត ក្លិបខ្លារខិនមានរិទ្ធ, លីន វណ្ណៈ ក្លិបបូរីរាជសីហ៍មានរិទ្ធ និងកីឡាករ គួន សុវណ្ណ ក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅ។
ចំពោះរូបមន្ត នៃការប្រកួត គឺជាការប្រកួតជម្រុះសន្សំពិន្ទុក្នុងពូល ដោយការប្រកួតមួយលើកៗមានតែ២គូ។ ការប្រកួតនេះ គឺធ្វើតាមរូបមន្តវិលជុំសន្សំពិន្ទុក្នុងពូល ដោយអ្នកទាំង៨ ត្រូវជួបគ្នាទាំងអស់ ។ ការប្រកួតជម្រុះទម្លាក់ចោល៦នាក់ចេញ ទុក២នាក់ ដែលមានពិន្ទុលើសគេក្នុងពូលនីមួយៗ ពោលគឺយកលេខ១ពូលA និងលេខ១ពូលB ដើម្បីឡើងទៅប្រកួតផ្ដាច់ព្រ័ត្រដណ្ដើមយកប្រាក់១០លានរៀលតែម្ដង។
សូមបញ្ជាក់ថា សម្រាប់វគ្គផ្ដាច់ព្រ័ត្រ អ្នកដែលឈ្នះគឺទទួលបានប្រាក់រង្វាន់១០លានរៀល និង អ្នកចាញ់បាន២លានរៀល។
ព្រឹត្តិការណ៍នេះ មានរយៈពេល០៩សប្តាហ៍ ដោយចាប់ផ្ដើមពីថ្ងៃទី០៣ ខែវិច្ឆិកា នឹងគ្រោងបញ្ចប់នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩៕
Source: Kampuchea Thmey Daily
0 Comments