ភ្នំពេញ ៖ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី ៦៥ នៅឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំយ៉ាងអធិកអធម ជាងបណ្តាឆ្នាំមុនៗ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា និង ដោយមានការចូលរួមពីឥស្សរជនជាន់ខ្ពស់ពីស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។
ប្រទេសកម្ពុជាបានទទួលឯករាជ្យពេញបរិបូណ៌ពីនឹមអាណានិគមនិយមបារាំងនៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចរបស់សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដិ។ នៅឆ្នាំនេះ ពីធីបុណ្យឯករាជ្យជាតិ ត្រូវបានប្រារព្ធឡើងដោយមានព្រះរាជពិធីប្រទានភ្លើងជ័យនៅវិមានឯករាជ្យ និង មានការប្រារព្ធមន្ទិញអបអរសាទរនៅមុខព្រះបរមរាជវាំងផងដែរ។
តាមកម្មវិធីគ្រោងទុកនៅម៉ោង ៦ ព្រឹកនេះ មានការជួបជុំមហាជន ហើយនៅម៉ោង៦៖២០ នាទី សមាជិកព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល ព្រះវង្សានុវង្ស រួមជាមួយបណ្តាអង្គទូតនៃប្រទេសជាមិត្តប្រចាំនៅកម្ពុជាអញ្ជើញដល់។ បន្ទាប់មកវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ ,សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ,សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ,សម្តេចពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញដល់វិមានឯករាជ្យជាបន្តបន្ទាប់គ្នា ហើយនៅម៉ោង ៧ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាស្តេចយាងដល់។
ពិធីប្រទានភ្លើងជ័យចាប់ផ្តើមដោយព្រះមហាក្សត្រ បន្ទាប់មកអញ្ជើញដង្ហែព្រះរាជដំណើរដោយសម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ,សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ,សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា,សម្តេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ,សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និង នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ស្តេចយាងប្រទានកម្រងផ្កា និង គោរពវិញ្ញាណក្ខន្ធ និង ប្រទានភ្លើងជ័យ។
បន្ទាប់មកស្តេចយាងជាព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីមន្ទិញមហាជននៅមុខព្រះបរមរាជវាំង អមព្រះរាជដំណើរដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។
នៅម៉ោង ៨៖៣០ នាទីអង្គមន្ទិញចាប់ផ្តើម ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញថ្លែងសុន្ទរកថា អមដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
បន្ទាប់មកគឺជាព្រះរាជសង្កថារបស់ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ពីធីមន្ទិញបញ្ចប់ដោយការលែងព្រាប និង បង្ហោះប៉ោងប៉ោង ។
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ។ តាមកម្មវិធីកម្លាំងមហាជននិងកងកម្លាំងប្រដាប់អាវុធដែលចូលរួមនៅវិមានឯករាជ្យមានចំនួន១៣.៩៥០នាក់ និងនៅមុខព្រះបរមរាជវាំងមានចំនួន១២.៣០០នាក់។ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យម្ចាស់អាជីវកម្ម កំពង់ផែ ផែបណ្ដែតទឹក ទូក ក្បូន កាណូត កាណូតទេសចរណ៍ និងផលយានគ្រប់ប្រភេទទាំងអស់ ផ្អាកការធ្វើចរាចរណ៍នៅតាមដងទន្លេសាប និង ទន្លេចតុមុខ ចាប់ពីមុខផ្សាររាត្រី ដល់ព្រំប្រទល់ទីក្រុងកោះពេជ្រ នាថ្ងៃទី៩ខែវិច្ឆិកា ចាប់ពីម៉ោង ០៥:០០ ទៀបភ្លឺ រហូតដល់ម៉ោង ១២:០០ថ្ងៃត្រង់។ សាលារាជធានីភ្នំពេញ ហាមសាធារណៈជនបង្ហោះដ្រូន នៅជុំវិញទីតាំងប្រារព្ធពិធី មុខព្រះបរមរាជវាំង វិមានឯករាជ្យ និងតាមបណ្ដោយផ្លូវសុធារស។
នៅថ្ងៃទី ៩ ខែ វិច្ឆិកា ជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលកម្ពុជាតែប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ដើម្បីរំលឹកឡើងវិញនូវព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពេញលេញពីបារាំងរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ អតីតព្រះមហាក្សត្រខ្មែរ។ បារាំងបានធ្វើអាណាព្យាបាលលើប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៨៦៣ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ប្រជាពលរដ្ឋកម្ពុជាបានចងចាំថ្ងៃ ៩ វិច្ឆិកា ជាប្រវត្តិសាស្ត្រ និង គុណូបការៈដ៏ថ្លៃថ្លានិង វីរភាពដ៏អង់អាចក្លាហាននៃព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្តេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានខិតខំលះបង់អស់ព្រះកាយពលបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត តស៊ូទាមទារឯករាជ្យភាពជូនជាតិ មាតុភូមិកម្ពុជាពីបារាំងសេសដែលបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានឯកភាពទឹកដី សេរីភាព ឯករាជ្យ ពេញបរិបូរណ៍រហូតដល់សព្វថ្ងៃនេះ ។
ដើម្បីរំលឹកដល់គុណូបការៈនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធធ្វើមិន្ទិញអបអរបុណ្យឯករាជ្យជាតិ ជារៀងរាល់ឆ្នាំដោយប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
គួររំលឹកថា ក្រោមព្រះរាជបូជនីយកិច្ច និងព្រះរាជបេសកកម្មដ៏ឧត្ដុង្គឧត្ដមរបស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទនរោត្ដម សីហនុ នៅក្នុងឆ្នាំ១៩៥២ ក៏ប៉ុន្តែ ឯករាជ្យនោះនៅពុំទាន់ពេញលេញនៅឡើយទេ ទើបនៅក្នុងឆ្នាំ ១៩៥២ ដដែលនោះចលនារាជបូជនីយកិច្ច ដើម្បីឯករាជ្យពេញទីនៃកម្ពុជាត្រូវបានបង្កើតឡើងដោយស្នាព្រះហត្ថរបស់ព្រះអង្គដែលប្រជាជាតិកម្ពុជាទាំងមូលបានគាំទ្រ និង អបអរសាទរយ៉ាងខ្លាំងដោយមានចលនាជីវពលនារីក្លាហានមករួមរស់ជាមួយព្រះអង្គ ក្នុងតំបន់រំដោះខេត្ដកំពង់ធំ ខេត្ដបាត់ដំបង។ បារាំង ដោយឃើញថា ខ្លួនអាចជួបប្រទះនូវគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជាបន្ថែម ទៅលើការលំបាកបំផុតលើវិស័យសង្គ្រាមនៅ បៀនឌៀនភូ (វៀតណាមខាងជើង) នោះ បារាំងក៏បានសុខចិត្ដធ្វើកាផ្ទេរថ្វាយ ព្រះមហាក្សត្រ ព្រះរាជាណាចក្រកម្ពុជា យើងនូវអំណាច និងសមត្ថកិច្ច លើវិស័យណាដែលខ្លួនមិនទាន់បានផ្ទេរមកជូនកម្ពុជាទាំងស្រុង ។
លោក រីចស្ដេរូស៊ី តំណាងប្រទេសបារាំង និង សម្ដេច ប៉ែន នុត តំណាងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឥស្សរជន និងជំនាញការសំខាន់បានធ្វើការចរចានៅទីក្រុងភ្នំពេញ រហូតដល់ថ្ងៃទី ៩ វិច្ឆិកា ១៩៥៣ ទើប បានលទ្ធផលជោគជ័យហើយនៅថ្ងៃនោះលោកអគ្គមេបញ្ជាការ អគ្គសេនាធិការ ព្រមទាំងកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងសហភាពបារាំង បានថ្វាយបង្គំលា ព្រះករុណា ព្រះនរោត្ដមសីហនុព្រះមហាវិរក្សត្រ ហើយបានចាកចេញដោយមិនវិលត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញឡើយ ដូច្នេះចាប់ពីថ្ងៃទី ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ព្រះរាជាណាចក្រកម្ពុជាមានឋានៈស្មើ នឹងសាធារណរដ្ឋបារាំង គឺ មានឋានៈជារដ្ឋឯករាជ្យពេញបរិបូរណ៍។
ភ្លើងជ័យនៅវិមានឯករាជ្យត្រូវរក្សាទុករយៈពេល៣ថ្ងៃ រហូតដល់រសៀលថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០១៨ ទើបមានព្រះរាជពិធីពន្លត់ភ្លើងជ័យដោយកម្មវិធីចាប់ពីម៉ោង ៣ និង ៣០ នាទី រសៀលដោយមានមហាជន និង ថ្នាក់ដឹកនាំកំពូល ៗ ព្រមទាំងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះមហាក្សត្រ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ នៅក្នុងរយៈពេល ៣ ថ្ងៃនេះក៏មានពិធីបាញ់កាំជ្រួតអបអរសាទរផងដែរ។នៅជុំវិញវិមានឯករាជ្យក៏មានការរៀបចំតាំងព្រះឆាយាលក្ខណ៍របស់សម្តេចព្រះ នរោត្តម សីហនុ នៅមុខព្រះបរមរាជវាំង និង នៅមុខស្ថាប័នក្រសួងមន្ទីរផងដែរ ។ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ បានបំពេញព្រះរាជបូជនីយកិច្ចដឹកនាំចលនាទាមទារឯករាជ្យពីអាណានិគមបារាំង ហើយត្រូវបានប្រកាស នៅថ្ងៃទី៩វិច្ឆិកា ឆ្នាំ១៩៥៣ ៕
Source: Kampuchea Thmey Daily
0 Comments