អ្នកប្រដាល់ជើងខ្លាំង ឡៅ ចិត្រា ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ នឹងត្រូវជួបជាមួយអ្នកប្រដាល់ថៃឈ្មោះ យ៉តផាយ៉ាក ក.អេឌិសន(Yodpayak Kor.Adisorn) ហើយ ព្រឿង សុជាតិ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវជួបជាមួយអ្នកប្រដាល់ឡាវ ណាំផេត ឆ.ឆេមពាន្ត (Nampetch Chhor.Champaion) នាយប់ថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លើសង្វៀនខារ៉ាបាវបាយ័នស្ទឹងមានជ័យ។
ពួកគេទាំង៤នេះ ជួបគ្នាសម្រាប់ការប្រកួតជម្រុះជុំចុងក្រោយ នៃការប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី៥ ទម្ងន់៦០គីឡូក្រាម ដោយលើកលែងតែយ៉តផាយ៉ាក ប៉ុណ្ណោះ ជាការប្រកួតជុំទី៣សម្រាប់គេ។
ឡៅ ចិត្រា អ្នកប្រដាល់វ័យក្មេងកម្ពុជា និង យ៉តផាយ៉ាក អ្នកប្រដាល់ថៃនេះ ធ្លាប់ជួបគ្នាម្តងហើយ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨កន្លងមក ដែលក្នុងការជួបគ្នានោះ ឡៅ ចិត្រា គេឈ្នះ យ៉តផាយ៉ាកដោយពិន្ទុ។ ឆ្លងកាត់៣ជុំកន្លងមកនេះ ឡៅ ចិត្រា គេវាយឈ្នះទាំង៣ជុំ បាន៩ពិន្ទុ ឯ យ៉តផាយ៉ាក គេទើបប្រកួតបានពីរលើកប៉ុណ្ណោះ ដោយបាន៤ពិន្ទុ គឺឈ្នះ១ចាញ់១ប្រកួត។
យ៉តផាយ៉ាក អ្នកប្រដាល់ថៃរូបនេះ គេធ្លាប់មកប្រកួតនៅស្រុកខ្មែរប៉ុន្មានដងហើយកន្លងមក ដោយគេវាយខ្លាំងគួរសមដែរ។ ការជួបឡៅ ចិត្រា លើកនេះ ជាលើកទី២របស់ យ៉តផាយ៉ាក ហើយ ដែលការជួបនេះ មិនដឹងថាអ្នកណាឈ្នះ អ្នកណាចាញ់ នោះទេ?។
យ៉ាងណា ឡៅ ចិត្រា មិនអាចមើលស្រាល យ៉តផាយ៉ាក នោះឡើយ ព្រោះអ្នកប្រដាល់ថៃរូបនេះ គេមិនជាខ្សោយប៉ុន្មានឡើយ។
ឡៅ ចិត្រា ជាអ្នកប្រដាល់វ័យក្មេង ដែលខ្លាំងជាងគេក្នុងចំណោមអ្នកប្រដាល់កម្ពុជាដែលមានវ័យក្មេង និងទម្ងន់ដូចគ្នានោះ ហើយយ៉ាងណា ឡៅ ចិត្រា គេក៏ជាអ្នកប្រដាល់ជើងខ្លាំងម្នាក់ដែរ សម្រាប់ពេលបច្ចុប្បន្ននេះ។
និយាយជារួម ចិត្រា ទាំងបទពិសោធន៍ ទាំងស្នៀតប្រដាល់ ល្បិចកលនិងកាយសម្បទា សុទ្ធតែល្អនិងខ្លាំង ដែលអាចទុកចិត្តបានថា អាចយកឈ្នះលើអ្នកប្រដាល់ ថៃយ៉តផាយ៉ាក បានម្តងទៀតមិនខាន។
យ៉តផាយ៉ាក ក៏ជាអ្នកប្រដាល់ថៃម្នាក់ដែលខ្លាំងដែរ។ គេមានប្រវត្តិប្រកួតលើរេញច្រើនក្រាស់ក្រែលហើយ។ ចាំមើល យ៉តផាយ៉ាក គេអាចយកឈ្នះ ឡៅ ចិត្រា បានដែរឬអត់ នៅក្នុងជម្រុះលើកទី៣របស់គេនេះ?។
ចំណែក ព្រឿង សុជាតិ និង ណាំផេត ឆ.ឆេមពាន្ត វិញ ពួកគេពីរនាក់នេះ មិនធ្លាប់ជួបគ្នាទេកន្លងមក។ ក្នុងជំនួបលើកនេះ ព្រឿង សុជាតិ គ្រាន់តែប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ ព្រោះបើទោះជាឈ្នះ ក៏ពុំបានឡើងទៅពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ។
ឆ្លងកាត់៣ជុំកន្លងមកនេះ ព្រឿង សុជាតិ គេបានតែ៣ពិន្ទុប៉ុណ្ណោះ ដោយវាយចាញ់ ទាំង៣ប្រកួត ហើយចំណែកណាំផេត ឆ.ឆេមពាន្ត វិញ គេមាន៥ពិន្ទុ ដោយវាយឈ្នះ១ ចាញ់២ប្រកួត ក្នុងការប្រកួត៣ជុំដូចគ្នា ។
ព្រឿង សុជាតិ កាលពីប្រកួតក្នុងជុំទី៣ គេវាយចាញ់អ្នកប្រដាល់ថៃ នុត ករ ក្នុងទឹកទី១ ហើយចំណែកអ្នកប្រដាល់ឡាវណាំផេត ឆ.ឆេមពាន្ត វិញ គេក៏វាយចាញ់ដែរ គឺចាញ់ អ្នកប្រដាល់កម្ពុជាឡៅ ចិត្រា ក្នុងទឹកទី៣ ។
ណាំផេត ឆ.ឆេមពាន្ត ដែលជាគូរបស់ ព្រឿង សុជាតិ នេះ គេធ្លាប់មកប្រកួតនៅកម្ពុជាប៉ុន្មានដងដែរហើយពីមុនមក។ អ្នកប្រដាល់ឡាវរូបនេះ ជាជើងខ្លាំងទម្ងន់៦០គីឡូក្រាមប្រចាំនៅស្រុកឡាវ។ ណាំផេត ឆ.ឆេមពាន្ត គេត្រូវការឈ្នះសម្រាប់ការប្រកួតលើកចុងក្រោយនេះ ប៉ុន្តែមិនដឹងថា អ្នកណាជាអ្នកជួបសំណាងល្អទទួលបាន៣ពិន្ទុនោះឡើយរវាង ព្រឿង សុជាតិ និងណាំផេត ឆ.ឆេមពាន្ត នេះ? ៕
Source: Kampuchea Thmey Daily
0 Comments