បន្ទាយមានជ័យ ៖ សូមប្រជាពលរដ្ឋទាំងអស់ជួយពិភាក្សាគ្នា មនុស្សប្រុស និងស្រីមួយចំនួន ឲ្យតែដល់វ័យក្នុងការរួមភេទជៀសមិនផុតឡើយពីការរួមភេទ ក្រោយពីបានសប្បាយហើយ ភាគច្រើនខាងស្រីធ្វើការចោទប្រកាន់ថា ខាងប្រុសចាប់រំលោភខ្លួនទៅវិញ។ ចំណែកខាងប្រុសអាចឈានដល់ការជាប់គុកដោយងាយៗ។
ជាក់ស្ដែង ម្ដាយខាងស្រី ឈ្មោះ ជ.ស បានទៅដាក់ពាក្យបណ្តឹងទៅអាវុធហត្ថក្រុងប៉ោយប៉ែត ថាមានយុវជនម្នាក់ បានបបួលកូនរបស់ខ្លួនយកទៅចាប់រំលោភ។
ក្រោយពីទទួលបានពាក្យបណ្ដឹងហើយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងអាវុធហត្ថមួយក្រុម ចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ កាលពីវេលាម៉ោង០៨យប់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក នួន នីណារ៉ូ បានឲ្យដឹងថា យុវជនសង្ស័យមានឈ្មោះ ថុង ចាន់ធី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យ ត្រូវបានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ ដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនោះមក លោកបានធ្វើការសាកសួរ ហើយតាមការបំភ្លឺរបស់ម្ដាយជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យបានមកបបួលកូនរបស់ខ្លួនចេញទៅដើរលេងខាងក្រៅ ហើយបាត់ឈឹងមិនឃើញត្រឡប់មកផ្ទះវិញ គាត់ក៏មកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឲ្យឃាត់ខ្លួនតែម្ដង។
ចំណែកជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានបបួលជនរងគ្រោះចេញទៅដើរលេងខាងក្រៅ និងរួមភេទជាមួយជនរងគ្រោះបានចំនួន៤ដង ដោយមានការព្រមព្រៀងគ្នា ពុំមានការបង្ខិតបង្ខំអ្វីឡើយ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងមានការបំភ្លឺរបស់ម្តាយជនរងគ្រោះ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទនាំអនីតិជនយកទៅរួមភេទ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments