ភ្នំពេញ ៖ អាជ្ញាធរខណ្ឌទួលគោក ដឹកនាំដោយ លោក ឯក ឃុនដឿន ជាអភិបាលខណ្ឌខណ្ឌកាលពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះរៀបចំសណ្ដាប់ធ្នាប់នៅតាបបណ្ដាផ្លូវជុំវិញផ្សារនាគមាស ពិសេសផ្លូវលេខ៣៣៩ និងផ្លូវលេខ២៣៤ ក្រោយពីក្រុមអាជីវកររំលោភយកធ្វើជាកន្លែងដាក់តាំង និងស្តុកទំនិញយ៉ាងអនាធិបតេយ្យ មិនអាចធ្វើចរាចរឆ្លងកាត់បាន។
ផ្លូវទាំងពីរខ្សែនេះ បើទោះបីកន្លងមកអាជ្ញាធរខណ្ឌខិតខំធ្វើការរៀបចំ និងពន្យល់ណែនាំដល់អាជីវករជាច្រើនលើកច្រើនសាយ៉ាងណាក៏ដោយ ក៏នៅតែដដែល ប្រៀបបាននឹងការវែកចកអញ្ចឹងដែរ ពោលគឺពេលសមត្ថកិច្ច និងអាជ្ញាធរចុះរៀបចំស្អាត បានបន្តិចទៅ តែនៅពេលអាជ្ញាធរដកកម្លាំងចេញ មកវិញដដែល។
ទំនិញ ដែលភាគច្រើនលើសលប់ជាកសិផល បន្លែ ផ្លែឈើ ត្រូវបានក្រុមអាជីវករដាក់លក់ពេញលើទ្រូងផ្លូវតែម្ដង។
ជាងនេះទៀតនោះ គឺរថយន្តធំៗដឹកទំនិញមកពីតាមបណ្ដាខេត្ត និងប្រទេសវៀតណាម ចូលមកចតលើកដាក់ទំនិញដោយមិនខ្វល់នឹងការប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈឡើយ ពិសេសផ្លូវម៉ៅសេទុង ក៏ត្រូវបានរំលោភបំពាននៅពេលសមត្ថកិច្ចដកកម្លាំងចេញផងដែរ។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌទួលគោកកាលពីថ្ងៃទី០៧វិច្ឆិកាកន្លងមកនេះ លោក ឯក ឃុនដឿន បានដាស់តឿនឲ្យសមត្ថកិច្ចទាំងថ្នាក់ខណ្ឌ និងសង្កាត់ ត្រូវយកចិត្តទុកដាក់គ្រប់ពេល ពីបញ្ហាសណ្ដាប់ធ្នាប់ និងរថយន្តដឹកទំនិញនៅផ្សារនាគមាស និងផ្សារដើមគ ដោយហាមដាច់ខាតមិនឲ្យមាននោះទេ ត្រូវចាប់ផាកពិន័យទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments