កំពង់ឆ្នាំង ៖ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយដល់បច្ចេកទេសបន្ថែម និងផ្ដល់ការគាំទ្រដល់ការបិទស្លាកសម្គាល់គុណភាពផលិតផលដែលសហគមន៍ផលិតបាន ដើម្បីឲ្យអតិថិជនស្គាល់ពីផលិតផលកម្ពុជា និងមានគុណភាពខ្ពស់។
ការណែនាំឲ្យមន្ត្រីជួយកសិករនេះបានធ្វើឡើង កាលពីថ្ងៃ០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកអញ្ជើញបន្តចុះពិនិត្យមើលស្ថានភាពកសិដ្ឋានដាំបន្លែ សណ្ដែកកួរ ត្រសក់ និងត្រកួនសុវត្ថិភាពរបស់សហគមន៍ស្វាយមានជ័យ ស្ថិតនៅឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ក្រសួងបានឲ្យដឹងថា កាលពីថ្ងៃ០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដដែល លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងប្រតិភូអមដំណើរបានអញ្ជើញបន្ត ចុះពិនិត្យមើលស្ថានភាពកសិដ្ឋានដាំបន្លែ សណ្ដែកកួរ ត្រសក់ និងត្រកួនសុវត្ថិភាពរបស់សហគមន៍ស្វាយមានជ័យ ស្ថិតនៅឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមាន១៧ក្រុម ស្មើនឹង៩៧គ្រួសារ ដាំដុះលើផ្ទៃដីប្រមាណ ៧ហិកតា។ កន្លងមកសហគមន៍បានទទួលការបណ្ដុះបណ្ដាលពីមន្ត្រីកសិកម្មខេត្តកំពង់ឆ្នាំងអំពីបច្ចេកទេស នៃការដាំដុះ ហើយក៏ធ្លាប់បានទទួលគាំទ្រពីគម្រោងដៃគូមួយចំនួនផងដែរ។ បច្ចុប្បន្ន សហគមន៍បានធ្វើកិច្ចសន្យាជាមួយវិស័យឯកជនមួយចំនួនដូចជា ក្រុមហ៊ុន KOC និង REMIX ដែលបានប្រមូលទិញ និងចែកចាយទៅទីផ្សារ។
តាមរយៈ នៃការអនុវត្តកិច្ចសន្យានេះ សហគមន៍បានទទួលនូវព័ត៌មានអំពីតម្រូវការទីផ្សារជាក់លាក់ និងបានរៀបចំផែនការដាំដុះច្បាស់លាស់តាមការបញ្ជាទិញ ហើយសហគមន៍គ្រោងនឹងពង្រីកបន្ថែមនូវសក្ដានុពលដាំដុះបន្ថែមទៀត ព្រោះសមាជិកសហគមន៍កំពុងទទួលបាននូវផលប្រយោជន៍ពិតពីការដាំបន្លែ ហើយជីវភាពក៏មានភាពប្រសើរឡើងផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើឲ្យសហគមន៍បន្តពង្រីកលទ្ធភាពបន្ថែម ដើម្បីបំពេញតម្រូវការទីផ្សារ ហើយបានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយដល់បច្ចេកទេសបន្ថែម និងផ្ដល់ការគាំទ្រដល់ការបិទស្លាកសម្គាល់គុណភាពផលិតផលដែលសហគមន៍ផលិតបាន ដើម្បីឲ្យអតិថិជនស្គាល់ពីផលិតផលកម្ពុជា និងមានគុណភាពខ្ពស់៕
Source: Kampuchea Thmey Daily
0 Comments