ភ្នំពេញ ៖ បន្ទាប់ពីមានការឯកភាព ជាគោលការណ៍ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ បានចេញដំណើរទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពចិន (World Chinese Economic Forum) ហៅកាត់ថា WCEF ជាវេទិកាលើកទី១០ ដែលប្រារព្ធធ្វើនៅទីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ TUN Dr. Mahathir Mohamad នាយករដ្ឋមន្ត្រី ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី០៨-១១ ខែវិច្ឆិកា ឆ្នាំ២០១៨។
តាមការបញ្ជាក់ពីលោកទេសរដ្ឋមន្ត្រីបានឲ្យដឹងថា វេទិកានេះ នឹងមានវាគ្មិន សំខាន់ៗ ជា សមាជិកអញ្ជើញចូលរួម៦០០នាក់ មកពី១៦ប្រទេស និងមានការអញ្ជើញចូលរួមពីលោក H.E Shaukat Aziz អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងបណ្ដាថ្នាក់ដឹកនាំ ក្រសួង, ស្ថាប័ន, ប្រធានក្រុមហ៊ុនធំៗ ធុរជន សភាពាណិជ្ជកម្ម មកពី ប្រទេសអូស្ត្រាលី,ចិន ,កាតា ,រុស្សី,សហ រដ្ឋអាមេរិក,អង់គ្លេស, កម្ពុជា,កូរ៉េរ៉ូម៉ានី,ប៉ាគីស្ថាន, ទួរគី,អ៊ីតាលី,អាហ្វហ្គានីស្ថាន, កាសាក់ស្ថាន ,ម៉ាឡេស៊ី ,សិង្ហបុរី,ថៃ។
លោកបន្តថា WCEF រយៈពេល២ថ្ងៃ ផ្ដោតសំខាន់នូវស្ថានភាពទូទៅលើការអភិវឌ្ឍ វិស័យហិរញ្ញវត្ថុ ធនាគារ សិក្សាធិការ ,បច្ចេកវិទ្យា ,ទេសចរណ៍ ការវិនិយោគសេដ្ឋកិច្ចបែបទំនើប ,សុខាភិបាល និង វិស័យពាណិជ្ជកម្ម ពណ៌បៃតងជាដើម។
តាមការបញ្ជាក់ឲ្យដឹងពីលោក អូស្មាន ហាស្សាន់ថា ក្រោយបញ្ចប់បេសកកម្មខាងលើនៅចុងឆ្នាំ២០១៨ នេះ លោកនឹងបន្តដឹកនាំគណៈប្រតិភូ កម្ពុជាទៅចូលរួមក្នុងវេទិកាសំខាន់ៗតាមបណ្ដាប្រទេសផ្សេងៗទៀត ចាប់ពីថ្ងៃទី១៦-១៨វិច្ឆិកា លោក និងគណៈប្រតិភូ បន្តទៅសិង្ហបុរី ពីថ្ងៃទី៧-៩ ខែធ្នូ នៅឥណ្ឌូណេស៊ី ពីថ្ងៃទី១២-១៤ ខែធ្នូ នៅអារ៉ាប៊ីសាអ៊ូឌីត ពីថ្ងៃទី២៤-១៦ ខែធ្នូ នៅប្រទេសប្រ៊ុយណេ និងដារ៉ូសាឡឹម តែម្ដង៕
Source: Kampuchea Thmey Daily
0 Comments