ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ បើករថយន្តស៊េរីទំនើបម៉ាកGS300 មួយគ្រឿង ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកនឹងរបាំងថ្មក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង រងការខូចខាតរថយន្តយ៉ាងធ្ងន់ធ្ងរ ហើយនាងអ្នកបើកបានរងរបួសធ្ងន់ដោយកៀបជាប់ក្នុងរថយន្ត តែបានប្រជាពលរដ្ឋជួយគាស់យកចេញដើម្បីជួយសង្គ្រោះ កាលពីវេលាម៉ាង១១និង២០នាទីយប់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ទល់មុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តរងគ្រោះថ្នាក់ចរាចរណ៍ខាងលើ ម៉ាក GS 300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2J-1731 បើកបរ ក្នុងទិសដៅពីកើតទៅលិច។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានឃើញស្ត្រីម្នាក់បើកបររថយន្តស៊េរីទំនើបម៉ាក GS 300 ១គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2-J-1731 បើកបរដោយស្ត្រីម្នាក់ក្នុងល្បឿនលឿនដូចហោះ ពីកើតទៅលិច តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី លុះមកដល់ចំណុចទល់មុខប្រលានយន្តហោះក៏បានរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តខូចខ្ទេចផ្នែកខាងមុខអស់ទាំងស្រុង ហើយបានដាច់កង់មុខខ្ទាតចេញពីរថយន្តទើបទៅមុខលែងរួច។
ប្រភពបន្តថា ករណីនេះ ក៏បណ្ដាលរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន២កង់ ហើយស្ត្រីអ្នកបើករថយន្តរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ជាប់ក្នុងរថយន្ត តែត្រូវបានប្រជាពលរដ្ឋវាយកញ្ចក់រថយន្តយកស្ត្រីរងគ្រោះចេញភ្លាមៗផងដែរ ពេលនោះស្រាប់តែមានបុរសម្នាក់ បើករថយន្តម៉ាកតូយ៉ូតាព្រូសពណ៌ខ្មៅ ដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនសម្ភពចោមចៅភ្លាមៗ។
មានការលើកឡើងថា ក្បាលនាគពុះចែកទ្រូងផ្លូវនៅកន្លែងកើតហេតុនោះពុំមានចំណាំងប្លាតនោះឡើយ ទើបបង្កឲ្យមានគ្រោះថ្នាក់ជាញឹកញាប់បែបនេះ។
ខណៈនោះដែរ សមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments