មានការសង្ស័យកាន់តែខ្លាំងឡើងនៅថ្ងៃព្រហស្បតិ៍អំពីផែនការធ្វើមាតុភូមិនិវត្តន៍ជនជាតិរ៉ូហ៊ីងយ៉ារាប់សែននាក់ដែលភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំមុនខណៈពេលដែលស្នងការជនភៀសខ្លួនបង់ក្លាដែសបាននិយាយថា គ្មាននរណាម្នាក់ចង់វិលត្រឡប់ទៅវិញទេហើយថា ពួកគេនឹងមិនត្រូវបានបង្ខិតបង្ខំឲ្យត្រឡប់ទៅឡើយ។
ជនភៀសខ្លួនពោរពេញដោយភាពភ័យខ្លាចដែលបានទៅដល់ប្រទេសបង់ក្លាដែសជាមួយការរៀបរាប់អំពីការសម្លាប់ ការចាប់រំលោភនិងការលួចដុតបន្ទាប់ពីពួកគេបានរត់គេចពីការបង្ក្រាបរបស់កងទ័ពកាលពីឆ្នាំមុនគឺបានលាក់ខ្លួននៅពេលអាជ្ញាធរបានទទូចថា ពួកគេនឹងបន្តធ្វើមាតុភូមិនិវត្តន៍បើទោះបីជាមានការព្រមានពីអង្គការសហប្រជាជាតិក៏ដោយ។
ប៉ុន្តែស្នងការជនភៀសខ្លួនបង់ក្លាដែសមានការសង្ស័យអំពីថាតើផែនការបញ្ជូនក្រុមមនុស្សដំបូងដែលមានគ្នា១៥០នាក់គឺអាចដំណើរការតាមការគ្រោងទុកនៅថ្ងៃព្រហស្បតិ៍ដែរឬក៏អត់។
លោក Mohammad Abul Kalam បានប្រាប់ AFP ថា “យោងតាមការវាយតម្លៃដោយស្ម័គ្រចិត្តរបស់ UNHCR បានបង្ហាញថា គ្មាននរណាម្នាក់ក្នុងចំណោម៥០គ្រួសារដែលត្រូវបានសម្ភាសន៍បានសម្តែងនូវឆន្ទៈរបស់ពួកគេក្នុងការវិលត្រឡប់ទៅវិញនៅក្នុងស្ថានភាពបច្ចុប្បន្ននេះទេ”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Kalam នឹងមិននិយាយទេថាតើការធ្វើមាតុភូមិនិវត្តន៍ដែលបានគ្រោងទុកសម្រាប់ថ្ងៃព្រហស្បតិ៍ត្រូវបានលុបចោលដែរឬក៏អត់។ ប៉ុន្តែគាត់បាននិយាយថា “យើងមិនអាចបង្ខំពួកគេឲ្យវិលត្រឡប់ប្រឆាំងនឹងឆន្ទៈរបស់ពួកគេទេ”។
មនុស្សជាង៧២០,០០០នាក់ដែលភាគច្រើនជាជនមូស្លីមរ៉ូហ៊ីងយ៉ាគឺបានស្វែងរកការជ្រកកោនពីការបង្ក្រាបដោយយោធាមីយ៉ាន់ម៉ាដែលចាប់ផ្តើមកាលពីខែសីហាឆ្នាំមុនដែលក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិនិយាយថា បង្កទៅជាការបោសសម្អាតជនជាតិភាតិច។
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបច្ចុប្បន្នកំពុងរស់នៅក្នុងជំរំធំៗនៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែសរួមទាំងការតាំងទីលំនៅដ៏ធំមួយនៅស្រុកព្រំដែន Cox's Bazar ផងដែរដែលនៅទីនោះ បណ្តាមេដឹកនាំសហគមន៍បាននិយាយថា ភាគច្រើននៃអ្នកដែលត្រូវបានកំណត់សម្រាប់ការធ្វើមាតុភូមិនិវត្តន៍គឺបានធ្វើដំណើរទៅតំបន់ភ្នំដើម្បីគេចខ្លួន៕ AFP
Source: Kampuchea Thmey Daily
0 Comments