កំពង់ឆ្នាំង ៖ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីកង្វល់របស់ប្រមុខរាជរដ្ឋាភិបាល ហេតុនេះហើយទើប ការពង្រឹងច្បាប់ចរាចរណ៍ ត្រូវតែបន្តធ្វើឡើងជាបន្តបន្ទាប់”រៀងរាល់ថ្ងៃ។
ឯកឧត្ដមបានថ្លែងបែបនេះ នៅព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងសាលាបឋមសិក្សាក្រាំងលាវ ស្ថិតនៅក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ក្នុងទិវាយុទ្ធនាការ អប់រំ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក របស់គម្រោងកែលំអផ្លូវជនបទជំហានទី២។
ឯកឧត្ដមបានបន្តថា តាមរបាយការណ៍របស់គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា នៅក្នុង១ថ្ងៃៗ គិតជាមធ្យមមនុស្ស៥នាក់ បានស្លាប់ និងមនុស្សជាច្រើននាក់ទៀតបានរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសមួយ ដែលកំពុងតែអភិវឌ្ឍន៍ មានសុខសន្តិភាព ស្ថិរភាព ពេញលេញ បែរជាមានមនុស្ស បានរងគ្រោះថ្នាក់ដោយចរាចរណ៍ទៅវិញ។
កត្តាគ្រោះថ្នាក់ចរាចរណ៍មិនមែនកើតឡើងដោយសារផ្លូវលំបាកនោះទេ ប៉ុន្តែផ្លូវកាន់តែងាយស្រួល គ្រោះថ្នាក់ចរាចរណ៍ ក៏កាន់តែកើតឡើង។
កន្លងមក ប្រជាពលរដ្ឋធ្លាប់តែបើកបរយឺតៗ លើផ្លូវលំបាក ដល់ពេលផ្លូវស្រួលក៏បើកបរលឿន និងដោយសារមិនគោរពច្បាប់ចរាចរណ៍ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់រៀងរាល់ថ្ងៃ។
ដោយឡែក ក្រោមការកំណែទម្រង់របស់ប្រមុខរាជរដ្ឋាភិបាល តាមគោលនយោបាយចតុកោណ ដំណាក់កាលទី៣ គឺទទួលបានជោគជ័យ យ៉ាងត្រជះត្រចង់។
ចំណែកគោលនយោបាយ មួយទៀតដែលយើងចង់បាននឹងរំពឹងទុកជាយូរមកហើយ គឺការកែប្រែផ្លូវលំជនបទ ពីផ្លូវរទេះគោ មកផ្លូវក្រាលគ្រួសក្រហម ហើយមកដល់ពេលនេះបានប្រែក្លាយជាផ្លូវក្រាលកៅស៊ូ យ៉ាងស្អាត។
ជាក់ស្ដែង ក្នុងគម្រោងកែលំអផ្លូវជនបទជំហាន២ទូទាំងប្រទេសមានចំនួន៧០ខ្សែ មានប្រវែង១.២០០គីឡូម៉ែត្រលើខេត្ត១០ ក្នុងនោះ ខេត្តកំពង់ឆ្នាំង ក៏ទទួលបាន៩ខ្សែផងដែរ គឺមានប្រវែង១២៥គីឡូម៉ែត្រ។
ទន្ទឹមនឹងបានផ្លូវល្អស្អាត ឯកឧត្ដម សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកបើកបរទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា។
នៅក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត ម៉ាសា តូកូតូ ប្រធានក្រុមប្រឹក្សាសុវត្ថិភាពចរាចរណ៍បានមានប្រសាសន៍ថា យើងពិតមានការសោកស្ដាយខ្លាំងណាស់ដែលប្រជាជនកម្ពុជាជាង១ម៉ឺននាក់បានបាត់ បង់ជីវិតនិងជាង ២ម៉ឺន៥ពាន់ទៀតនាក់ បានរងរបួសដោយសារតែការគ្រោះថ្នាក់ចរាចរណ៍ក្នុងរវាង៥ឆ្នាំ ចុងក្រោយនេះ។
ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ អ្នកបើកបរម៉ូតូ កង់ និងថ្មើរជើង គឺជាអ្នកងាយរងគ្រោះដែលមានរហូតទៅដល់៨៥ភាគរយ នៃចំនួនអ្នកដែលបានបាត់បង់ជីវិត។
នៅក្នុងយុទ្ធនាការជំហាន២នេះ សូមផ្ដោតជាសំខាន់ទៅផ្នែកអប់រំ ដល់សហគមន៍ ដល់ការសិក្សារបស់សិស្ស និងអប់រំដល់អ្នកប្រើប្រាស់ផ្លូវ ឲ្យយល់កាន់តែច្បាស់ពីច្បាប់ចរាចរណ៍ និងពីទុក្ខសោកដែលបានកើតឡើងដល់អ្នកគ្រោះថ្នាក់។
ឯកឧត្ដម ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា យោងរបាយការណ៍រយៈពេល០៩ ខែ ដើមឆ្នាំ ២០១៨ នៅក្នុងខេត្តកំពង់ឆ្នាំង គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន១០១ ករណី គឺបានកើនឡើង៤៥លើក ច្រើនជាងឆ្នាំចាស់ ដោយបណ្តាលឲ្យមនុស្សស្លាប់៣៦នាក់ គឺកើនឡើងជាឆ្នាំចាស់១១នាក់។
មូលហេតុ នៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ដោយសារការបើកបរហួសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាព ការមិនពាក់ខ្សែក្រវាត់សុវត្ថិភាព និងបើក វ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ដែលទាំងអស់នេះ គឺមកពីមិនគោរពច្បាប់ចរាចរណ៍៕
Source: Kampuchea Thmey Daily
0 Comments