ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈ លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលសហរដ្ឋអាមេរិកបានជួយគាំទ្រយ៉ាងល្អប្រសើរក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា។
ការថ្លែងអំណរគុណរបស់ លោក វេង សាខុន បានធ្វើឡើងកាលពី ថ្ងៃពុធ ៧កើត ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងជំនួបជាមួយ លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីក្នុងគោលបំណងដើម្បីជម្រាបលា បន្ទាប់ពីលោកឯកអគ្គរដ្ឋទូតបានបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនេះ លោក William Heidt បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោករដ្ឋមន្ត្រី និងសហការី ដែលបានផ្តល់កិច្ចសហការគ្រប់បែបយ៉ាងបានល្អប្រសើរលើការងារអនុវត្តគម្រោងនានាដែលទាក់ទងនឹងវិស័យកសិកម្មនាពេលកន្លងមក និងពេញចិត្តចំពោះពេលវេលាដ៏មានតម្លៃដែលឯកឧត្ដមឯកអគ្គរដ្ឋទូតបានរួមដំណើរជាមួយលោករដ្ឋមន្ត្រី អញ្ជើញចុះទៅមូលដ្ឋានមួយចំនួនដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលគម្រោងនានាដែលបានការឧបត្ថម្ភ គាំទ្រដោយអង្គការ USAID។
ទន្ទឹមនឹងនេះ លោក ឯកអគ្គរដ្ឋទូត បានជម្រាបជូនឯកឧត្ដមរដ្ឋមន្ត្រីផងដែរថា ក្នុងពេលឆាប់ៗខាងមុខនេះ នឹងមានក្រុមមន្ត្រីជំនាញផ្នែកការវិភាគលើហានិភ័យដែលបណ្ដាលពីសត្វល្អិតចង្រៃ (Pest Risk Analysis Group) នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់ទាំងការងារបច្ចេកទេស និងនីតិវិធីច្បាប់ ក្នុងបំណងនាំចេញផលិតផលស្វាយ និងស្វាយចន្ទីទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនាពេលអនាគត។
លោកឯកអគ្គរដ្ឋទូត បានសម្ដែងនូវក្តីសង្ឃឹម និងជឿជាក់ថា ភាពជាដៃគូ នៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជាលើវិស័យកសិកម្ម នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។
ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈឯកឧត្ដមឯកអគ្គរដ្ឋទូត លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលកន្លងមកបានជួយគាំទ្រយ៉ាងល្អប្រសើរក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា។
ជាក់ស្ដែងតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានជួយឧបត្ថម្ភទាំងបច្ចេកទេស និងថវិកាដើម្បីអនុវត្តគម្រោងនានាដែលពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យកសិកម្មក្នុងនោះមាន ៖
១-គម្រោងសាកវប្បកម្ម (២០១៧-២០២២) ដែលមានទឹកប្រាក់សរុប១៧,៥លានដុល្លារ ដោយផ្ដោតជាសំខាន់ទៅលើការកសាងសមត្ថភាពស្វែងរកទីផ្សារកសិផល ការកែលំអទីផ្សារសម្រាប់វិស័យសាកវប្បកម្ម ការកែលំអអភិបាលកិច្ចល្អ។
២-គម្រោងស្ដីពីការកសាងភាពជាដៃគូរវាង USAID ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម មានទឹកប្រាក់ចំនួន១លានដុល្លារ ក្នុងបំណងកសាងសមត្ថភាពស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស ការចូលរួមរបស់និស្សិត មន្ត្រីរាជការ និងវិស័យឯកជន។
៣-គម្រោង ស្ដីពីការពង្រឹងមន្ទីរពិសោធន៍ និងមជ្ឈមណ្ឌលឧត្ដមភាពសម្រាប់កសិកម្មសមស្រប នវានុវត្តន៍ និងអាហារូបត្ថម្ភ (Center of Excellence for Sustainable Agriculture Intensification and Nutrition, CESAIN) ដែលមានទឹកប្រាក់ចំនួន២៥លានដុល្លារ។
គម្រោងនេះ ត្រូវបានសហការអនុវត្តដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ជាមួយសាកលវិទ្យាល័យ Kansas State University ក្នុងខេត្តគោលដៅចំនួន៤ គឺខេត្តកំពង់ចាម បាត់ដំបង កំពង់ធំ និងខេត្តសៀមរាប ក្នុងគោលបំណងសម្របសម្រួលដល់សកម្មភាពកែច្នៃកសិផល ការកសាងសមត្ថភាពសិស្ស លោកគ្រូ អ្នកគ្រូ និងសាស្ត្រាចារ្យនៅតាមសាកលវិទ្យាល័យជាតិកសិកម្ម។
៤-គម្រោងស្ដីពីការចិញ្ចឹមត្រីនៅតាមស្រែ (២០១៦-២០២១) មានទឹកប្រាក់ចំនួនជាង៦លានដុល្លារ ដែលត្រូវអនុវត្តក្នុងខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តកំពង់ធំ។ ក្នុងបំណងកែលំអប្រព័ន្ធចិញ្ចឹមត្រីនៅតាមស្រែ បង្កើនវិសាលភាព នៃផលិតកម្មត្រីប្រកបដោយនិរន្តរភាព។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈលទ្ធផលដែលទទួលបានពីការអនុវត្តគម្រោងនានាបានធ្វើឲ្យវិស័យកសិកម្មមានការរីកចម្រើនជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ ហើយការរីកចម្រើននេះបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់កម្រិតជីវភាព បង្កើនប្រាក់ចំណូល កែលំអ និងថែរក្សាក្សេត្របរិស្ថាន ទទួលបានបច្ចេកវិទ្យាថ្មីយកទៅអនុវត្ត ដើម្បីបង្កើនផលិតភាពផលិតកម្ម ធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ កាត់បន្ថយចំណាកស្រុក និងកាត់បន្ថយការពឹងអាស្រ័យទាំងស្រុងលើធនធានធម្មជាតិ។ ល ។
តាមរយៈឯកឧត្ដមឯកអគ្គរដ្ឋទូត ឯកឧត្ដមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តជួយគាំទ្រយ៉ាងពេញលេញដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែមានការរីកចម្រើនប្រកបដោយនិរន្តរភាព ជាពិសេសវិស័យឯកជនរបស់សហរដ្ឋអាមេរិកនឹងមកវិនិយោគលើវិស័យកសិកម្មកាន់តែច្រើនឡើងថែមទៀត នាពេលអនាគត ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យនាឆ្នាំ២០៣០ គឺជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់៕
Source: Kampuchea Thmey Daily
0 Comments