ភ្នំពេញ ៖ នៅសល់​មិន​ដល់​មួយ​សប្តាហ៍​ទៀត​ទេ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០១៨ នឹង​ឈាម​មកដល់​ហើយ ពោល​គឺ​ថ្ងៃទី​២១-២២ និង​ថ្ងៃទី​២៣ វិច្ឆិកា​នេះ ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មក​នេះ បន្ទាប់ពី​មាន​ការណែនាំ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​យកចិត្តទុកដាក់ ក្នុង​ផែនការ​តុបតែង​កែលម្អរ តាម​សួនច្បារ ដងផ្លូវ និង​ទីសាធារណៈ​នានា ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​នេះ​យ៉ាង​មមាញឹក​ផងដែរ​។



លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​កន្លងមក​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននឹង​កំពុង​ដំណើរការ​ជួសជុល​កែលំអ​តាម​សួនច្បារ និង​ទីសាធារណៈ​ផ្សេងៗ ឲ្យ​មាន​សោ​ភ័ណ្ឌ​ភាពជា​ពិសេស​នៅ​តាម​តំបន់​ដែល​ត្រូវ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​នា​ពេលខាងមុខ។

លោក​បាន​បន្ត​ថា មន្ត្រី​ជំនាញ​គ្រប់​ផ្នែក ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាននឹង​កំពុង​មមាញឹក​ជា​ខ្លាំង​ក្នុង​ផែនការ​តុបតែង​កែលម្អ មាន​ដូច​ជា ផ្នែក​ភ្លើង​បំភ្លឺ​សាធារណៈ​ត្រូវ​បាន​ជំរុញ​ការ​ផ្លាស់​ប្តូរ​អំពូល​ភ្លើង និង​ដំឡើង​អំពូល​ភ្លើង​ចម្រុះ​ពណ៌ នៅតាម​ដើមឈើ សួនច្បារ តាម​ដងផ្លូវ ជាពិសេស​នៅ​តំបន់​ប្រារព្ធ​ពិធី​អុំទូក​តែម្តង​។ ផ្នែក​សួនច្បារ បាន​លាប​កំបោរ​តាម​គល់ឈើ លាបថ្នាំ​តាម​ការ៉ូឡា និង​ប័​រ​ឌា​រ​តាម​ចិញ្ចើម​សួនច្បារ និង​ដាក់​ពង្រាយ​បង្គន់​អនាម័យ​ជិត​៦០០​បង្គន់ ដើម្បី​ត្រៀម​ទទួល​ស្វា​គម​ន៍​ប្រជាពលរដ្ឋ​ចូលរួម​ព្រះរាជ​ពិធីបុណ្យ​អុំទូក ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ផងដែរ។



លោក​សាំ ពិសិដ្ឋ បាន​បន្ត​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន និង​កំពុង​ដំឡើង​របារ​កាត់​ទទឹង​ផ្លូវ អបអរសាទរ​បុណ្យអុំទូក ដែល​ត្រូវ​ដាក់​ចំនួន​៤​ទីតាំង គឺ​ទី​១.​ដាក់​នៅ​មហាវិថី​ព្រះ​នរោត្តម​ខាងជើង​ជាប់​រង្វង់​មូល​វិមានឯករាជ្យ ទី​២.​ដាក់​មហាវិថី​ព្រះ​នរោត្តម​មុខ​នាឡិកា​រមណីយដ្ឋាន​វត្តភ្នំ ទី​៣.​ដាក់​នៅវិ​ថី​ព្រះស៊ីសុវត្ថិ​មុខ​ព្រះ​គ​ន្ល​ង់ និង​ទី​៤.​ដាក់​នៅ​មហាវិថី​ព្រះសីហនុ​ខាងលិច​រង្វង់​មូល​សម្តេច​សង្ឃ ជួន ណាត ។

លោក បន្តថា ការងារ​ទាំងនេះ នឹង​រួចរាល់​នៅមុន​ថ្ងៃទី​១៨​ខែវិច្ឆិកា​នេះ ក្នុង​គោលបំណង ដើម្បី​លើក​កំពស់​សោ​ភ័ណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង។

ចំណែក​មន្ត្រី រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួលបន្ទុក​តុបតែង និង​ចង​ទង់ជាតិ ឬ​ទង់ជ្វាលា បាន​ឲ្យ​ដឹងថា​ ដោយមាន​ការណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្រុមការងារ បាន​ដាក់​បង្គោល និង​ទង់ជាតិ ទង់សាសនា និង​ទង់​ព្រះមហាក្សត្រ​ធំៗ នៅ​មាត់ទន្លេ​មុខ​ព្រះបរមរាជវាំង មាន​ចំនួន​៧៥។



លោក បញ្ជាក់ថា ទង់ជាតិ ទង់សាសនា និង​ទង់​ព្រះមហាក្សត្រ ដែល​ដាក់​សម្រាប់​ថ្ងៃ​អុំទូក​នេះ គឺ​ថ្ងៃ​ធម្មតា ដាក់​ទង់ជាតិ​តំណាង​ប្រទេស និង​ទង់​បណ្តា​អង្គការសហប្រជាជាតិ​នានា នៅតាម​មាត់ទន្លេ​មុខ​ព្រះបរមរាជវាំង ប៉ុន្តែ​សម្រាប់​ថ្ងៃបុណ្យ​អុំទូក​ត្រូវ​បាន​ទង់ជាតិ ទង់សាសនា និង​ទង់​ព្រះមហាក្សត្រ​វិញ។

សូមបញ្ជាក់ថា សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៨​នេះ អាជ្ញាធរ​ភ្នំពេញ បាន​សន្និដ្ឋាន​ថា នឹង​មាន​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​កាន់តែ​កើនឡើង​ជាង​ឆ្នាំមុនៗ ពីព្រោះ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ ម្យ៉ាង​ប្រព័ន្ធ​គមនាគមន៍​ផ្លូវថ្នល់​ត្រូវបាន​ត​ភ្ជាប់​ប្រទាក់ក្រឡា​គ្នា​ខ្វាត់ខ្វែង ដែល​ផ្តល់​លក្ខណ​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ៕



Source: Kampuchea Thmey Daily