ភ្នំពេញ ៖ បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុន ហោះហើរអន្តរជាតិចំនួន៣៨ និងក្រុមហ៊ុនក្នុងស្រុកចំនួន៨ បាននឹងកំពុងហោះហើរប្រត្តិការចេញពីក្នុងស្រុកទៅក្រៅប្រទេស។ នៅឆ្នាំ២០១៧ ព្រលានយន្តហោះអន្តរជាតិភ្នំពេញមានសមត្ថភាពទទួលទេសចរណ៍ចំនួន៨លាននាក់ ឆ្នាំ២០១៨នេះទទួលបាន១០លាននាក់ ហើយរំពឹងថា នៅឆ្នាំ២០១៩ខាងមុខនេះ ភ្ញៀវទេសចរណ៍ចេញចូល តាមច្រកអន្តរជាតិផ្លូវអាកាស នឹងមានការកើនឡើងរហូតដល់ទៅ១២លាននាក់។
លោក សយ សុខាន់ អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល បានមានប្រសាសន៍ឲ្យដឹងនៅក្នុងពិធីប្រោះព្រំ បញ្ចប់គម្រោងអ៊ុត ផ្លូវរត់យន្តហោះថ្មី ក្នុងគោលបំណងពង្រឹងសុវត្ថិភាពផ្លូវហោះដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរណ៍ មកកាន់ព្រះរាជាណាចក្រកម្ពុជា តាមផ្លូវអាកាស ដែលមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
លោក អេរីក ឌឺឡូប៊ែល( ERIC DELOBEL) នាយក អាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបញ្ចប់គម្រោងអ៊ុត ផ្លូវរត់យន្តហោះថ្មី បន្ទាប់ពីការជួសជុលកែលំអរយៈពេល៦ខែកន្លងមកនេះ មានប្រវែង៣០០០ម៉ែត្រ បំពាក់សញ្ញាសំគាល់ បំពាក់ប្រព័ន្ធភ្លើងនាំផ្លូវចុះចតថ្មីឡើងវិញ នៅតាមផ្លូវរត់យន្តហោះ ដោយប្រើប្រាស់អំពូល LED ដែលចំណាយថវិកាប្រមាណ១២លានដុល្លារសហរដ្ឋអាមេរិក។
ការជួសជុលនេះ មិនបានធ្វើប៉ះពាល់ ដល់ការធ្វើដំណើរឡើងចុះរបស់យន្តហោះប្រចាំថ្ងៃនោះទេ។ គោលបំណងសំខាន់នៃការជួសជុល និងកែលំអថ្មីនេះ គឺដើម្បីធានាឱ្យការចុះចតយន្តហោះគ្រប់ប្រភេទ ប្រកបដោយសុវត្ថិភាព ទាំងក្នុងពេលបច្ចុប្បន្ន និងសម្រាប់រយៈពេល១៥ឆ្នាំខាងមុខទៀត។
លោក អេរីក ឌឺឡូប៊ែល បានបញ្ជាក់ថា សម្រាប់ព្រលានយន្តអន្តរជាតិភ្នំពេញ ចាប់ពីខែមករា រហូតដល់ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ការហោះហើរ មានការកើនឡើង រហូតដល់ទៅ២០% បើធៀបនឹងឆ្នាំមុន។ លោកបន្តថា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានគម្រោងអភិវឌ្ឍជាបន្តបន្ទាប់ ពោល គឺមានចក្ខុវិស័យ សម្រាប់ពង្រីកចំណតយន្តហោះឲ្យបាន១០កន្លែងថែមទៀត ក៏ដូចជាពង្រីកអគារសម្រាប់ទទួលភ្ញៀវ អគារសម្រាប់លក់ចំណីអាហារឱ្យសម្បូរបែប ហើយក្នុងពេលបច្ចុប្បន្ននេះ ក៏បានកំពុងកសាងអគារថ្មីមួយសម្រាប់ទុកដាក់រថយន្តដឹកសម្ភារៈ ដឹកភ្ញៀវទេសចរ និង រថយន្តពន្លត់អគ្គិភ័យផងដែរ៕
Source: Kampuchea Thmey Daily
0 Comments