កំពង់ចាម ៖ កម្លាំងការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ចាម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចុះបង្ក្រាបបទល្មើសនេសាទប្រើឧបករណ៍ឆក់ខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងដកហូតឧបករណ៍ឆក់ខុសច្បាប់មួយចំនួនដើម្បីបំពេញសំណុំឯកសារ ប្រគល់ជូនជំនាញខណ្ឌរដ្ឋបាលជលផល ចាត់ការបន្ត។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៤និង២០នាទី ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍អំពីបទល្មើសនេសាទខុសច្បាប់ (ឆក់) លោក ស្នងការ បានចាត់បញ្ជា កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុច ភូមិចុងថ្នល់ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
លោកស្នងការបានបន្តថា ជាលទ្ធផលសមត្ថកិច្ចបានដកហូត វត្ថុតាងខុសច្បាប់ មួយចំនួនដូចជា- ឧបករណ៍ឆក់ត្រី ចំនួន ២ គ្រឿង (ក្តៅ ចំនួន ១គ្រឿង និងត្រជាក់ ចំនួន ១គ្រឿង) - អាគុយ ចំនួន ២ - ទូកម៉ាស៊ីន ចំនួន ១ គ្រឿង - ដងឆក់ ចំនួន ១ គូ - ត្រីចម្រុះ ចំនួន ៣០ គីឡូក្រាម និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ១- ឈ្មោះ ថាំង លី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិវៀតណាម មានលំនៅភូមិចុងថ្នល់ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ២- ឈ្មោះ គឹម នី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិចុងថ្នល់ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
លោកស្នងការ បានបញ្ជាក់ថា ចំពោះសម្ភារៈវត្ថុតាង និងជនល្មើសបានប្រគល់ជូនខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាមចាត់ការបន្តតាមនីតិវិធី។ ប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គម្តុំកន្លែងកើតហេតុបានឲ្យដឹងថា រៀងរាល់យប់ ពួកគាត់ឃើញ មានទូកនេសាទ ប្រើឧបករណ៍ឆក់នៅតាមដងទន្លេ ដូចករណីខាងលើនេះច្រើនហើយ តែមិនឃើញមន្ត្រីខណ្ឌជលផលចុះបង្ក្រាបទេ ទើបតែពេលនេះស្រាប់តែឃើញកម្លាំងនគរបាលចុះមកបង្ក្រាបជំនួសមន្ត្រីជលផលវិញ។
ប្រជាពលរដ្ឋ បានសំណូមពរដល់លោកស្នងការនគរបាលខេត្តកំពង់ចាមជួយមានវិធានការបង្ក្រាបបទល្មើសនេសាទ ឲ្យដូចភ្លៀងរលឹម ដើម្បីអភិរក្សមច្ឆជាតិអោយសម្បូរឡើងវិញ៕
Source: Kampuchea Thmey Daily
0 Comments