Ad Code

សភា​ផ្តល់​បត្យាប័ន​ប្រយុទ្ធ​ប្រឆាំង​បទឧក្រិដ្ឋ​ឆ្លងដែន​រវាង​កម្ពុជា និង​សហព័ន្ធរុស្ស៊ី



ភ្នំពេញ​ ៖ រដ្ឋសភា​បាន​អនុម័ត​ដោយ​សំឡេង ១១១​សំឡេង នៃ​អង្គ​សភា​ទាំងមូល ដើម្បី​ផ្តល់​បត្យាប័ន​រវាង​កម្ពុ​ជា និង​សហព័ន្ធ​រុស្ស៊ី ស្តីពី​ការ​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​បទឧក្រិដ្ឋ​ឆ្លងដែន​។

ការ​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា ស្តីពី​បត្យាប័ន​រវាង​កម្ពុជា និង​សហព័ន្ធ​រុស្ស៊ី​នេះ បាន​ធ្វើឡើង​នៅក្នុង​សម័យប្រជុំ​ពេញអង្គ​របស់​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ទៅតាម​ការស្នើសុំ​របស់​រាជរដ្ឋាភិបាល​ដោយ​ទុកជា​ការប្រញាប់​។

លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា មានប្រសាសន៍ថា ការអនុម័ត​នូវ​សេចក្តី​ព្រាងច្បាប់​នេះ គឺជា​ការបើកផ្លូវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ប​ង្កើ​ន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី ក្នុង​ការ​គ្រប់គ្រង​បទល្មើស​ឲ្យ​មាន​ប្រសិទ្ធភាព​។ កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​នេះ នឹង​អនុវត្ត​លើ​ការទប់ស្កាត់​បទឧក្រិដ្ឋ​ឆ្លងដែន ដូចជា ការ​ជួញដូរ​មនុស្ស ពិសេស​ស្ត្រី និង​កុមារ ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម ការ​សំអាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ការប្រឆាំង​អំពើពុករលួយ។

លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ តំណាង​រាជរដ្ឋាភិបាល ដែលជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​នេះ បាន​ឲ្យ​ដឹង​ថា សន្ធិសញ្ញា​ស្តី​ពី​បត្យាប័ន​នេះ មាន​សារៈសំខាន់ និង​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​នៃ​គូភាគី និង​ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​កម្ពុជា និង​រុស្ស៊ី ក្នុងការ​លុបបំបាត់​ឧក្រិដ្ឋកម្ម ដោយ​ឈរលើ​គោលការណ៍​គោរព​អធិបតេយ្យ សមភាព និង​ផលប្រយោជន៍​របស់​គ្នា​ទៅវិញទៅមក និង​ជា​ផ្នែក​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ក្នុងការ​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​បទឧក្រិដ្ឋ​ឆ្លងដែន​។

សន្ធិសញ្ញា​ស្តី​ពី​បត្យាប័ន រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី ត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ចុះហត្ថលេខា កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​រដ្ឋធានី​ម៉ូស្គូ សហព័ន្ធរុស្ស៊ី ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ តាមរយៈ​ការ​ជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ទាក់ទង​ការផ្ទេរ​ទណ្ឌិត​នៃ​ប្រទេស​ទាំងពីរ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu