Ad Code

រដ្ឋបាល​រាជធានី ស្នើ​ឲ្យ​បងប្អូន ជា​ម្ចាស់​ស្តង់​លក់ទំនិញ ម្ចាស់​ទីតាំង​ប្រគំ​តន្ត្រី និង​អ្នក​លក់ដូរ​ទាំងអស់​ ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​



ភ្នំពេញ ​៖ ដើម្បី​ចូលរួម​ថែរក្សា​សណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ និង​បរិស្ថាន ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​ឲ្យ​បងប្អូន ជា​ម្ចាស់​ស្តង់​លក់ទំនិញ ម្ចាស់​ទីតាំង​ប្រគំ​តន្ត្រី និង​អ្នកលក់ដូរ​ទាំងអស់ ត្រូវមាន​ធុង ឬ​ថង់​សម្រាប់​ទុកដាក់​សំរាម ដែល​កើតមាន​ពី​អាជីវកម្ម​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​។​

តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​បញ្ជាក់​ទៀត​ថា ដោយឡែក​ចំពោះ​បងប្អូន ដែលជា​កីឡាករ​ប្រណាំងទូក និង​ប្រជាពលរដ្ឋ ដែល​មកលេង​កម្សាន្ត​ទាំងអស់ ក៏​សូម​មេត្តា​ជួយ​ថែរក្សា​អនាម័យ ដោយ​ត្រូវ​វេចខ្ចប់​ទុកដាក់​សំណល់​សំរាម​របស់ខ្លួន នៅក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ​។​

គួរ​បញ្ជាក់ថា ក្នុង​ព្រះរាជ ពិធីបុណ្យ​អុំទូក អកអំបុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ រយៈពេល​៣​ថ្ងៃ ខាងមុខនេះ​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​ត្រៀម​រថយន្ត​ដឹក​សំរាម​ចំនួន​៤៩​គ្រឿង និង​កម្មករ​ចំនួន​៤៨៩​នាក់ និង​សម្ភារៈ​មួយ​ចំនួន សម្រាប់​ដឹកជញ្ជូន​សំរាម ក្នុង​ព្រះរាជ​ពិធីបុណ្យ អុំទូក ថ្ងៃទី​២១ ២២ និង​ថ្ងៃ​ទី ២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ ដើម្បី ចូលរួម​ធ្វើការ​សំអាត​ឲ្យ​បាន​ទាន់ពេល។​

ដើម្បី​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះដែរ សមត្ថកិច្ច​
​នឹង​ប្រើ​កម្លាំង​សរុប​ចំនួន​១២៧៥៤​នាក់ ក្នុងនោះ​សម្រាប់​កម្លាំង​របស់ គណៈ​បញ្ជាការ​ឯកភាព​រាជ​ធានី​ភ្នំពេញ មាន​រហូតដល់​៨៦២៥​នាក់ ដោយ​ឈ​ជើង​នៅ​តាម​តំបន់​សំខាន់ៗ​ចំនួន​៣​គឺ តំបន់​A,B,C និង​ចែកជា​គោលដៅ​តូចៗ​ផងដែរ។​

ដោយឡែក​ សម្រាប់​ទូកង ដែល​ត្រូវ​ចូលរួម​ប្រកួត​នៅ​ឆ្នាំនេះ​ មាន​ចំនួន​២៩៨​ទូក ខណៈ​ដែល​ឆ្នាំ​២០១៧​ មាន​ទូក ង​ ត្រឹមតែ​២៧០​ទូក និង មា​ន​កីឡាករ​ជិត​២​ម៉ឺន​នាក់ ហើយ​តាម​ការប៉ាន់ប្រមាណ​និង​មាន​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់មក​ដើរលេង​កម្សាន្ត​នៅក្នុង​ព្រះរាជ​ពិធី​នេះ​ផងដែរ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu