Ad Code

បុរស​ម្នាក់ ​ដើរ​ឆ្លង​ផ្លូវ ត្រូវ​ម៉ូតូ​បុក​បាក់ជើង​របួសធ្ងន់​



ភ្នំពេញ ​៖​ បុរស​វ័យ​៣៧​ឆ្នាំ​ម្នាក់ ​ដើរ​ឆ្លងផ្លូវ ​ត្រូវ​ម៉ូតូ​បុក​បាក់ជើង​ម្ខាង ​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​ទី​២ ​ជួយ​ហៅ​រថយន្ត​ដឹក​យកទៅ​សង្គ្រោះ​ កាលពី​វេលា​ម៉ោងជាង​១២​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​១៧ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ ​ចំណុច​តាម​បណ្ដោយ​ផ្លូវ​បុរី​អង្គរ​ ភូមិ​ពោងពាយ​ សង្កាត់​ទួល​សង្កែ​ទី​២​ ខណ្ឌ​ឫស្សី​កែវ​។ បុរស​រង​គ្រោះ ​ឈ្មោះ​ស្នា​ អាយុ​៣៧​ឆ្នាំ ​មុខរបរ​ និង​ទីកន្លែង​ស្នាក់នៅ​មិន​ពិតប្រាកដ​(​ជា​ជនអនាថា​)​។

បុរស​ខាងលើ​បាន​ឲ្យ​ដឹងថា​ នៅមុន​ពេល​កើតហេតុ​ ខណៈ​ដែល​គាត់​ដើរ​ឆ្លង​ផ្លូវ​ ក៏​ត្រូវ​ម៉ូតូ​មិន​ចាំ​ម៉ាក​បើក​ពី​ត្បូង​ទៅ​ជើង បាន​បុក​គាត់​ បណ្តាល​ឲ្យ​បាក់ជើង​ស្ដាំ ​ហើយ​ជិះ​គេចខ្លួនបាត់​ ទុកឲ្យ​បុរស​ខាង​លើ​មើលទៅ​សង្វេគ​ណាស់​ ព្រោះ​គ្មាន​ឃើញ​សាច់ញាតិ​នោះ​ទេ​។

ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​ទី​២​ បាន​មកដល់​កន្លែងកើតហេតុ​ និង​ទាក់ទង​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ដើម្បី​ព្យាបាល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu