Ad Code

ក្រសួង​វប្បធម៌​រកឃើញ​ម្ចាស់​ជ័យលាភី​៣​រូប​ពី​ការប្រកួត​មហោស្រព​ភាពយន្ដ​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​២



​ភ្នំពេញ ​៖ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​រកឃើញ​ម្ចាស់​ជ័យលាភី​៣​រូប​ពី​លេខ​១​ដល់​លេខ​៣​ពី​ការប្រកួត​មហោស្រព​ភាពយន្ដ​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​២​ហើយ​ បន្ទាប់ពី​បានធ្វើការ​ប្រកួតប្រជែង​យ៉ាង​ស្វាត​ស្វា​ញ​រួចមក​។

រឿង​ដែល​ទទួលបាន​ជ័យលាភី​ទាំង​៣​នេះ សុទ្ធសឹងតែ​ជា​រឿង​ដែល​ផ្ដោតទៅលើ​គំនិត​អប់រំ​, វប្បធម៌​, សិល្បៈ​រួមជាមួយ​ការផ្ដល់​ពិន្ទុ​យ៉ាង​សុក្រិត​ពី​គណៈកម្មការ​។​

ការប្រកួតប្រជែង​មហោស្រព​ភាពយន្ដ​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​២​នេះ ត្រូវបាន​ជម្រុះ​និង​ប្រកាស​លទ្ធផល​ផ្ដាច់ព្រ័ត្រ​កាលពី​យប់​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយមាន​ការចូលរួម​ពី​លោក សោម សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សិល្បៈករ​-​សិល្បៈការិនី​ជាច្រើនរូប​ផងដែរ​។

ភាពយន្ត​ខ្នាត​ខ្លី ដែល​ទទួលបាន​ជ័យលាភី​លេខ​១​គឺ​បាន​ទៅលើ​រឿង «​ម្ចាស់​របាំងមុខ​» ជា​ស្នាដៃ​និពន្ធ​របស់លោក ឡុង ឡយ ទទួលបាន​ពានរង្វាន់​មាស​១ និង​ទឹកប្រាក់​ចំនួន​៣​ពាន់​ដុល្លារ​។

ជ័យលាភី​លេខ​២​បាន​ទៅលើ​រឿង «​នារី​សក់​ខ្លី​» ជា​ស្នាដៃ​ផលិត​របស់លោក ស្វាយ លី​ម៉េង ទទួលបាន​ពានរង្វាន់​ប្រាក់​១ និង​ទឹកប្រាក់​២​ពាន់​ដុល្លារ និង​ជ័យលាភី​លេខ​៣​បាន​ទៅលើ​រឿង «​ផ្ដើម​ស្នេហ៍​លើ​ឡានក្រុង​» ជា​ស្នាដៃ​និពន្ធ​ដោយ​យុវជន ជ័យ វិសាល ទទួលបាន​ពានរង្វាន់​សំរិត​១ និង​ទឹកប្រាក់​១​ពាន់​ដុល្លារ​។​

លោក ប៉ុក បូរ​ក្ស ប្រធាន​នាយកដ្ឋាន សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បញ្ជាក់ថា​ការប្រកួត ភាពយន្ដ​ខ្នាត​ខ្លី​នេះ​មាន​មាន​អ្នកចូលរួម​ដាក់ពាក្យ​សុំ​ចូលរួម ប្រកួត​ចំនួន​៤១​ស្នាដៃ​។ ក្នុងចំណោម​៤១​ស្នាដៃ​នេះ​ត្រូវបាន​ជម្រុះ​យកតែ​៦​ស្នាដៃ​ប៉ុណ្ណោះ ដើម្បី​ឈានទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​ក្នុងចំណោម​៦​ស្នាដៃ​នេះ នឹងត្រូវ​ជ្រើស​យកតែ​៣​ស្នាដៃ​ទេ​។

លោក ប៉ុក បូរ​ក្ស បាន​ឲ្យ​ដឹង​ទៀតថា ​ការជ្រើសរើស​ស្នាដៃ​ខ្សែភាពយន្ដ​ទាំង​៣​រឿងនេះ​ត្រូវបាន​គណៈកម្មការ​ចំនួន​៧​រូប សុទ្ធសឹងតែ​ជា​អ្នកមាន​បទពិសោធន៍​ច្រើន​ឆ្នាំ​លើ​វិថី​សិល្បៈ ធ្វើការ​ដាក់ពិន្ទុ​ប្រកបដោយ​សុ​ក្រិត​ភាព និង​យុត្តិធម៌​ជាទីបំផុត​។​

គួរ​បញ្ជាក់ថា ​ការប្រកួត​មហោស្រព​ភាពយន្ដ​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​២​នេះ ធ្វើឡើង​ក្រោម​ពាក្យស្លោក «​ភាពយន្ដ​ខ្នាត​ខ្លី​ជា​ជំហាន​ឆ្ពោះទៅរក​ភាពយន្ដ​ខ្នាត​វែង​» ក្នុង​គោលបំណង​ជំរុញ​លើកទឹកចិត្ត​យុវជន ក្នុងការ​អភិវឌ្ឍ​សមត្ថភាព និង​ការបង្កើត​គំនិត​ច្នៃប្រឌិត​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​ភាពយន្ដ​ជាតិ ឲ្យ​តែ​ល្អប្រសើរ និង​ល្បីល្បាញ​លើ​ឆាក​ជាតិ និង​អន្ដរជាតិ​៕​



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu