ឆ្នាំនេះ ទិវាកីឡា ដើម្បីទាំងអស់គ្នា ធ្វើឡើងក្រោមប្រធានបទ «កីឡាដើម្បីសុខភាព»។ ទិវានេះ មានការអនុញ្ញាតជាគោលការណ៍ពីក្រសួងអប់រំ យុវជន និង កីឡា នោះពេញមួយថ្ងៃ ទី១៧វិច្ឆិកា នាយកដ្ឋានអប់រំ កាយ និងកីឡា បានរៀបចំទិវាកីឡា ដើម្បីទាំងអស់គ្នា ក្នុងទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិ។
ទិវានេះ មានការចូលរួមសហព័ន្ធកីឡាបាល់ទះកម្ពុជា សហព័ន្ធកីឡាអត្តពលកម្ម សហព័ន្ធកីឡាទាញព្រ័ត្រ និងគតុសិស្សមកពីវិទ្យាស្ថានជាតិ អប់រំកាយ និង កីឡា។
លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អគ្គនាយករងកីឡា ប្រធាននាយកដ្ឋានអប់រំ កាយ និងកីឡា នាយកវិទ្យាស្ថានជាតិអប់រំ កាយ និងកីឡា រួមជាមួយកីឡាករ-កីឡាការិនីជាង២០០នាក់ ចូលរួម។
កីឡាដែលដាក់ឲ្យលេងក្នុងកម្មវិធីនោះមានចរិតជាប្រភេទកីឡាមហាជន ដើម្បីសុខភាព ដែលក្នុងនោះមានការរាំជាមួយចង្វាក់ភ្លេងតាមបែបកីឡាអាអេរ៉ូប៊ិក ការរត់ប្រណាំងខ្លីៗ កីឡាទាញព្រ័ត្រ និងការរត់ដោយចងជើងគ្នាជាគូ។
លោក ប៊ូ ជុំសេរី បានបញ្ជាក់នៅក្នុងសុន្ទរកថារបស់លោកថា ទិវាកីឡា ដើម្បីសុខភាពនេះ មានសារសំខាន់ណាស់សម្រាប់មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋ យុវជន យុវតី ដែលបែរមកលេងកីឡាដើម្បីសុខភាព ដោយជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដែលសង្គមស្ងប់ខ្ពើម៕
Source: Kampuchea Thmey Daily
0 Comments