ការប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់ជើងឯកលេខ ១ គូបូតា ទម្ងន់៥៤គីឡូក្រាម នៅសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាការប្រកួតជុំចុងក្រោយ របស់ ប៊ុន សុធា អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និង ចាន់ សាន់ ក្លិបនិរោធមានជ័យ បានវាយចាញ់ឡាវដូចគ្នា។
ប៊ុន សុធា គេវាយចាញ់អ្នកប្រដាល់ឡាវ Wangngeun Rungreankilanakor ដោយពិន្ទុ ហើយ ចាន់ សាន់ គេចាញ់អ្នកប្រដាល់ឡាវ SeangSuriya Site Torkahkart ដោយពិន្ទុដែរ។
ក្នុងការប្រកួត៥ទឹកនោះ ប៊ុន សុធា វាយបានតែមួយទឹកពីរទឹកដំបូងប៉ុណ្ណោះ ឯបីទឹកចុងក្រោយ គឺចាញ់ប្រៀបឡាវតែម្ដង។ សុធា មិនអាចយកឈ្នះ Wangngeun បានឡើយ ទោះបីជាគេបានវាយចេញច្រើនក៏ដោយ ក៏ការវាយរបស់គេខុសគោលដៅ និងត្រូវអ្នកប្រដាល់ឡាវនោះ ទប់បានទាំងអស់ ។ ជាមួយនឹងលទ្ធផលនេះ ប៊ុន សុធា បាន១១ពិន្ទុ ក្នុង៥ប្រកួត(៥ជុំ) គឺឈ្នះ៣ ចាញ់២ប្រកួត។
ចំពោះការប្រកួតរបស់ចាន់ សាន់ វិញ គេប្រកួតចាញ់អ្នកប្រដាល់ឡាវ SeangSuriya Site Tor kahkart ដោយពិន្ទុ បន្ទាប់ពីតស៊ូជាមួយ SeangSuriya ប្រាំទឹកពេញនោះ។ ក្នុង៥ទឹក អ្នកប្រដាល់ឡាវ SeangSuriya បានវាយ ចាន់ សាន់ ត្រូវចំគោលដៅល្អនិងដួលជាច្រើនលើក ដែលធ្វើឲ្យ ចាន់ សាន់ចាញ់ប្រៀបសឹងតែគ្រប់ទឹក។
យ៉ាងណា ចាន់ សាន់ គេប្រកួតគ្រាន់តែបង្គ្រប់កិច្ចប៉ុណ្ណោះ ព្រោះ ទោះបីការប្រកួតលើកចុងក្រោយនេះ គេមានវាសនាបានឈ្នះក្ដី ក៏នៅតែជ្រុះធ្លាក់ពីការប្រកួតខ្សែក្រវាត់នេះដែរ ព្រោះគេវាយចាញ់៤ប្រកួតទៅហើយ ក្នុងការប្រកួត ៥ជុំ ដោយបាន៧ពិន្ទុ គឺឈ្នះ១ ចាញ់៤ប្រកួត។ ចំណែក Seang Suriya គេបានកក់កៅអី១សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។
សូមបញ្ជាក់ថា កីឡាករខ្លាំងទាំង១០រូប ដែលចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់គូបូតារដូវ កាលថ្មីទម្ងន់៥៤គីឡូក្រាមនេះ មានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៥រូប និង អ្នកប្រដាល់ជើងខ្លាំងថៃ-ឡាវ ៥ រូប ចូលរួមវាយដណ្ដើមយកខ្សែក្រវាត់នេះ។
អ្នកប្រដាល់មួយរូបៗ ទាំងខ្មែរ ទាំងថៃ និងឡាវ គឺត្រូវឆ្លងកាត់ការប្រកួតក្នុងម្នាក់ៗ ចំនួន៤ប្រកួតម្នាក់ ហើយអ្នកដែលមានពិន្ទុច្រើន២រូបក្នុងមួយពូល ទាំងពូលខ្មែរ និង ពូលថៃ-ឡាវ នឹងត្រូវបានឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង ផ្ដាច់ព្រ័ត្រ។
ដោយឡែក ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ វុត្ថា លាន់លិញ អ្នកប្រដាល់ក្លិបអង្គរធំគុនខ្មែរ បានត្រូវ ឆាយ មាស អ្នកប្រដាល់ក្លិបសំរោងកោងខេត្តបាត់ដំបង វាយឲ្យបោះបង់ការប្រកួត ក្នុងទឹកទី៣។
លាន់ លិញ ត្រូវអាជ្ញាកណ្ដាលរាប់៨ពីរដង ដោយសារត្រូវ ឆាយ មាស ទាត់ត្រូវដៃ ដែលធ្វើឲ្យដៃរបស់គេមានបញ្ហា។ បន្ទាប់មក លាន់ លិញ ក៏ត្រូវអាជ្ញាកណ្ដាលបញ្ឈប់លែងឲ្យប្រកួត ដោយសារតែគេឈឺដៃមិនអាចបន្តការប្រកួតទៀតបាន។
ចំណែក ចែម ចឺម អ្នកប្រដាល់ក្លិបរាជសីហ៍ខេត្តរតនគិរី វាយចាញ់ មិត្ត ស៊ីណាត អ្នកប្រដាល់ក្លិបអាវុធហត្ថស្រុករុក្ខគិរី ខេត្តបាត់ដំបង ដោយពិន្ទុ៕
Source: Kampuchea Thmey Daily
0 Comments