ភ្នំពេញ ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអះអាងថា ប្រជាពលរដ្ឋកម្ពុជាមានក្ដីសង្ឃឹមថា សហរដ្ឋអាមេរិក នឹងជួយប្រជាពលរដ្ឋកម្ពុជាបោះជំហានទៅមុខទៀត ដោយគិតគូរ និងគោរពចំពោះស្មារតីឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជា។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើងបែបនៅក្នុងសារលិខិតតប លោក ម៉ៃឃើល ប៉ុមភីអូ (Michael R. Pompeo) រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលបានផ្ញើសារចូលរួមអបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិរបស់កម្ពុជា ដែលនៅក្នុងសារលិខិតនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក បានបង្ហាញពីទំនាក់ទំនងដ៏រឹងមាំ រវាងប្រជាជនអាមេរិក និងកម្ពុជា ហើយតាមរយៈទំនាក់ទំនងនេះ បានផ្តល់ជាប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ។
លិខិតរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលផ្ញើទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Michael R. Pompeo ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានលើកឡើងថា លោកពិតជាមានអារម្មណ៍រំភើបរីករាយចំពោះសារលិខិតដ៏កក់ក្ដៅ និងជាមិត្តភាពរបស់ លោក ម៉ៃឃើល ប៉ុមភីអូ ដែលបានផ្ញើជូនប្រជាជនកម្ពុជា ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយលើកទី៦៥ នៃទិវាឯករាជ្យជាតិរបស់ប្រទេសកម្ពុជា ហើយក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាល ដែលលោក បានបម្រើប្រកបដោយមោទនភាពនោះ លោកសូមសម្ដែងអំណរគុណដ៏ស្មោះស្ម័គ្រចំពោះរដ្ឋមន្ត្រីការបរទេសអាមេរិក ដែលបានផ្ញើសារជូនពរសព្វសាធុការនេះ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្ថែមថា “ដូចក្នុងប្រទេសជាច្រើនក្នុងពិភពលោកដែរ ការប្រារព្ធទិវាឯករាជ្យជាតិប្រចាំឆ្នាំ គឺជាការសំដែងនូវក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅយ៉ាងពិតប្រាកដរបស់ប្រជាជន ចំពោះសេរីភាព និងអធិបតេយ្យភាព។
ទន្ទឹមនេះ ដូចប្រជាជាតិអាមេរិកដ៏មហិមា ប្រជាជាតិកម្ពុជា ក៏មានមោទនភាពនឹងជ្រោងទង់ឯករាជ្យរបស់ខ្លួនផងដែរ។
ក្នុងពេលជាច្រើនឆ្នាំទៀតតទៅអនាគត ប្រជាជនកម្ពុជា មានបំណងប្រាថ្នា នឹងផ្តល់នូវអាទិភាពខ្ពស់បំផុតក្នុងការពង្រឹងបន្តិចម្តងៗនូវមូលដ្ឋានគ្រឹះ នៃលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន សំដៅធានាឲ្យបាននូវសង្គមមួយដែលមានសន្តិភាព ស្ថិរភាព វិបុលភាព ពហុភាគី និងយុត្តិធម៌”។
ជាមួយគ្នានោះ នៅក្នុងសារលិខិតរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសរំលេចពីបំណងប្រាថ្នាដ៏ជ្រាលជ្រៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជានូវឯករាជ្យភាព និងអធិបតេយ្យភាពផងដែរ ដោយបានគូសបញ្ជាក់ថា “សារលិខិតរបស់ ឯកឧត្ដម ប៉ុមភីអូ ផ្តល់ឲ្យយើងទាំងអស់គ្នានូវក្តីសង្ឃឹមសាជាថ្មីថា សហរដ្ឋអាមេរិក នឹងជួយប្រជាជនកម្ពុជាក្នុងការបោះជំហានទៅមុខទៀត ដោយគិតគូរទៅដល់ និងគោរពចំពោះស្មារតីនៃឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជា”។
សូមបញ្ជាក់ថា សារលិខិតរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើឡើងភ្លាមៗតបទៅនឹងសារលិខិតរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក ដែលបានចូលរួមអបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិរបស់កម្ពុជា។
តាមសារលិខិត លោក ម៉ៃឃើល ប៉ុមភីអូ (Michael R. Pompeo) រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកឡើងថា តាងនាមឲ្យរដ្ឋាភិបាល នៃសហរដ្ឋអាមេរិក លោកសូមអបអរសាទរដល់ប្រជាជនកម្ពុជា នូវខួបលើកទី៦៥ នៃឯករាជ្យភាព នាថ្ងៃទី០៩ វិច្ឆិកា។
លោកបន្តថា ចំណងទាក់ទងដ៏រឹងមាំរវាងប្រជាជនអាមេរិក និងប្រជាជនកម្ពុជា បានផ្តល់នូវប្រយោជន៍ដល់ប្រទេសរបស់យើង។ តាមលោក Michael R. Pompeo ជារៀងរាល់ឆ្នាំភ្ញៀវទេសចរអាមេរិកជាង១៧ម៉ឺននាក់ បានទទួលបទពិសោធន៍ និងប្រវត្តិសាស្ត្រ ដ៏ល្អពីប្រទេសកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments