ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ជាមួយអង្គការមូលនិធិច្នៃប្រឌិតសកល និងសហគ្រិនភាព នៃប្រទេសម៉ាឡេស៊ី ដើម្បីអភិវឌ្ឍឧស្សាហកម្មឫស្សីនៅកម្ពុជា។
ពិធីនោះបានធ្វើឡើងកាលពី ថ្ងៃព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងកសិកម្ម ក្រោមការអញ្ជើញ ចូលរួមពី លោករដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង តំណាង អង្គការមូលនិធិច្នៃប្រឌិតសកល និងសហគ្រិនភាពនៃប្រទេសម៉ាឡេស៊ី។
មានមតិស្វាគមន៍នាឱកាសនោះ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធធ្វើឲ្យសម្រេចបានឯកសារអនុស្សរណៈ នៃការយោគយល់គ្នាដែលយើងនឹងចុះហត្ថលេខានាពេលនេះ។ នេះជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបើកទូលាយ និងលើកទឹកចិត្តដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ដើម្បីធ្វើការអភិវឌ្ឍវិស័យកសិកម្ម។
លោកបន្ថែមថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ដែលបានផ្តល់អាទិភាពទៅលើអនុវិស័យជាច្រើនសំខាន់ៗ ក្នុងចំណោមនោះ គឺការអភិវឌ្ឍសហគមន៍ព្រៃឈើតាមរយៈការធ្វើកសិកម្មចម្រុះ ក្នុងគោលបំណងចម្បង គឺបង្កើនផលិតភាពផលិតកម្មកសិកម្ម និងផលិតកម្មឫស្សីដែលជាមុខរបរមួយថ្មីអាចជួយបង្កើតការងារជូនប្រជាសហគមន៍ព្រៃឈើ និងប្រជាពលរដ្ឋដែលមានធនធានឫស្សី ដើម្បីបង្កើនចំណូលគ្រួសារ កាត់បន្ថយការពឹងអាស្រ័យផល និងអនុផលព្រៃឈើ ការបរបាញ់ និងកាត់បន្ថយចំណាកស្រុកតាមរយៈការបង្កើន ពង្រឹង និងពង្រីកផលិតកម្មកែច្នៃឫស្សីរបស់កម្ពុជាឲ្យមានផលិតភាព និងគុណភាពសម្រាប់ប្រើប្រាស់ក្នុងស្រុក និងធ្វើការនាំចេញ។
លោករដ្ឋមន្ត្រីបានស្វាគមន៍ ផ្ដល់ក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធនឹងរួមគ្នាអនុវត្តរាល់ខ្លឹមសារ នៃ MOU ឲ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍ដល់ប្រជាសហគមន៍ព្រៃឈើ ក៏ដូចជាក្រុមហ៊ុនវិនិយោគ៕
Source: Kampuchea Thmey Daily
0 Comments