ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ បើករថយន្តស៊េរីទំនើបម៉ាកGS300 មួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកនឹងរបាំងថ្មក្បាលនាគពុះចែកទ្រូងផ្លូវ ពេញទំហឹងរងការខូចខាតរថយន្តយ៉ាងធ្ងន់ធ្ងរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ាង១១នឹង២០នាទីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី២សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្ត រងគ្រោះថ្នាក់ចរាចរណ៍ ខាងលើ ម៉ាក GS 300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2J-1731បើកបរ ក្នុងដៅពីកើតទៅលិច។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានដឹងថា នៅមុនពេលកើតហេតុពួកគាត់បានឃើញស្ត្រីម្នាក់បើកបររថយន្តស៊េរីទំនើបម៉ាក GS 300 ១គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2-J1731 បើកបរដោយស្ត្រីម្នាក់ក្នុងល្បឿនលឿនដូចហោះពីកើតទៅលិច តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី លុះមកដល់ចំណុចទល់មុខព្រលានយន្តហោះក៏បានរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តខូចខ្ទេចផ្នែកខាងមុខអស់ទាំងស្រុង ហើយបានដាច់កង់មុខខ្ទាតចេញពីរថយន្តទើបរថយន្តទៅមុខលែងរួច។
ប្រភពបន្ដថា ករណីនេះក៏បណ្ដាលរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន២កង់ នឹងបណ្តាលឲ្យស្ត្រីអ្នកបើករថយន្តរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ជាប់ក្នុងរថយន្ត ហើយត្រូវបានប្រជាពលរដ្ឋ វាយកញ្ចក់រថយន្ដយកស្ត្រីរងគ្រោះចេញភ្លាមៗផងដែរ ពេលនោះស្រាប់តែមានបុរសម្នាក់ បើករថយន្តម៉ាកតូយ៉ូតាប្រូស ពណ៌ខ្មៅ បានដឹកជនរងគ្រោះយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ឯកជនសម្ភពចោមចៅភ្លាមៗ។ មានការលើកឡើងថា ក្បាលនាគពុះចែកទ្រូងផ្លូវនៅកន្លែងកើតហេតុនោះពុំមានចំណាំងផ្លាតនោះឡើយ ទើបបង្កឲ្យមាន គ្រោះថ្នាក់ជាញឹកញាប់បែបនេះ។
ខណៈនោះដែរ សមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែង និង ស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments