ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមជម្រើសជាតិម៉ាឡេស៊ី ដោយលទ្ធផល ១ទល់០ ក្នុងប្រកួតបើកឆាកពូលA នៃពានរង្វាន់ធំប្រចាំតំបន់អាស៊ាន AFF Suzuki Cup 2018 នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ សប្ដាហ៍នេះ លើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ខណៈគ្រូបង្វឹករបស់ក្រុមទាំង២ បានបង្ហាញទស្សនៈរៀងៗខ្លួន ក្រោយចប់ការប្រកួត។
លោក Tan Cheng Ho គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ី «អរគុណកូនក្រុមរបស់ខ្ញុំដែលស្វែងរកបាន៣ពិន្ទុសម្រាប់ប្រកួតដំបូងនេះ។ ចំពោះខ្ញុំគឺគ្មានអ្វីត្រូវកែតម្រូវកម្ពុជា ព្រោះកម្ពុជាមានកីឡាករល្អច្រើន ពិសេសគឺការសហការគ្នាលេងជាក្រុមបានល្អ អ៊ីចឹងខ្ញុំជឿជាក់ថា ប្រកួតក្រោយៗកម្ពុជា នឹងធ្វើបានកាន់តែល្អ។ ខ្ញុំមានតែជូនពរការប្រកួតនាថ្ងៃខាងមុខរបស់កម្ពុជា ទទួលបាននូវលទ្ធផលល្អប្រសើរ»។ កីឡាករ Norshahrul Idlan ជាម្ចាស់គ្រាប់បាល់ជ័យជម្នះរបស់ម៉ាឡេស៊ី បន្ទាប់ពីបញ្ជូនបាល់បានល្អពីកីឡាករ Mohd Zaquan Adha ដែលជាមិត្តរួមជាតិ។
ចំណែកលោក Félix Agustín González Dalmás ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាវិញបានលើកឡើងថា «យើងរៀនបានច្រើនពីការប្រកួតនេះ ព្រោះប៉ះក្រុមមួយល្អដូចជាម៉ាឡេស៊ីនេះ។ យើងពិបាកគ្រប់គ្រងក្នុងការប្រកួតនេះ តែយើងក៏មានឱកាសគ្រប់គ្រងបាល់បានច្រើនដែរពិសេសគឺយើងបានផ្លាស់ប្ដូរទម្រង់លេងបន្តិច បន្ទាប់ពីម៉ាឡេស៊ីនាំមុខយើងមុខ ១គ្រាប់រួចមក។ យើងព្យាយាមដាក់សម្ពាធដែរ តែការលេងគឺដូច្នេះ ពេលខ្លះដាក់សម្ពាធ ពេលខ្លះក៏អត់។ វាគឺជាការល្អប្រសើរព្រោះលទ្ធផល១-០ យើងធ្វើបានល្អជាងលើកមុនពិសេសគឺការរក្សាទម្រង់លេងបានល្អពេញរយៈពេល៩០នាទី»។
ពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះពូល A មានវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ខណៈពូល B មានថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងក្រុមឈ្នះនៅវគ្គជម្រុះបឋមគឺទីម័រខាងកើត។ តាមគម្រោងការវគ្គជម្រុះតាមពូលនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨។ ព្រឹត្តិការណ៍ទាំងមូលនេះនៅកម្ពុជា គឺទទួលសិទ្ធិផ្សាយផ្ទាល់ដោយប៉ុស្តិ៍ BTV Newsផងដែរ។
លទ្ធផលប្រកួតថ្ងៃដំបូងក្នុងពូល A ជាមួយគ្នានៅល្ងាចថ្ងៃព្រហស្បតិ៍ នេះផងដែរក្រុមឡាវ បានចាញ់វៀតណាម ៣ទល់០ ខណៈមីយ៉ាន់ម៉ា មិនទាន់បានប្រកួតនៅឡើយនោះទេ។ បើរាល់តារាងចំណាត់ថ្នាក់ឃើញថា វៀតណាម ឈរលេខ១ ម៉ាឡេស៊ី ឈរលេខ២មាន៣ពិន្ទុដូចគ្នា ហើយមីយ៉ាន់ម៉ា ឈរលេខ៣ កម្ពុជា ឈរលេខ៤និងឡាវ ឈរលេខ៥ មិនទាន់មានពិន្ទុដូចគ្នា។
សម្រាប់កម្មវិធីប្រកួតជម្រុះពូល A របស់ក្រុមកម្ពុជា ក្រៅពីប្រកួតបើកឆាកប៉ះក្រុមម៉ាឡេស៊ី នៅថ្ងៃទី៨ ខែវិច្ឆិកា នេះគឺត្រូវបន្តប៉ះក្រុមប៉ះម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅថ្ងៃទី១២ ខែវិច្ឆិកា នៅទីក្រុងរ៉ង់ហ្គូន ហើយរហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ក្រុមកម្ពុជា ត្រូវប៉ះឡាវ នៅរាជធានីភ្នំពេញ និងនៅថ្ងៃទី២៤ ខែវិច្ឆិកា ត្រូវធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះវៀតណាម នៅទីក្រុងហាណូយ ដែលជាប្រកួតចុងក្រោយប្រចាំវគ្គជម្រុះតាមពូលនេះ៕
Source: Kampuchea Thmey Daily
0 Comments