មនុស្សម្នាក់ត្រូវបានសម្លាប់និងពីរនាក់ទៀតរងរបួសនៅក្នុងការវាយប្រហារដោយកាំបិតអំឡុងពេលដ៏មមាញឹកមួយក្នុងទីក្រុង Melbourne កាលពីថ្ងៃសុក្រដែលនៅក្នុងហេតុការណ៍នោះដែរ ប៉ូលិសបានបាញ់ទៅលើជនសង្ស័យប្រដាប់ដោយកាំបិតនៅក្បែររថយន្តដែលកំពុងឆេះ។
ប៉ូលិសបាននិយាយថា ជាដំបូង ក្រុមមន្ត្រីបានឆ្លើយតបចំពោះរបាយការណ៍មួយអំពីរថយន្តដែលឆាបឆេះនៅកណ្តាលទីក្រុងនាម៉ោង៤និង២០នាទីរសៀល (ម៉ោងក្នុងស្រុក) ប៉ុន្ដែនៅកន្លែងកើតហេតុបានឃើញថា សាធារណៈជនម្នាក់ត្រូវបានគេចាក់។
បន្ទាប់មក ប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញវីដេអូឃ្លីបរបស់ប៉ូលិសព្យាយាមរារាំងបុរសមាឌធំម្នាក់ដែលចាក់យ៉ាងសាហាវលើមន្ត្រីពីរនាក់ខណៈរថយន្តភីកអាប់មួយគ្រឿងឆេះនៅក្បែរនោះ។
មន្ត្រីទាំងនោះត្រូវបានគេមើលឃើញថាកំពុងព្យាយាមឃាត់ខ្លួនបុរសម្នាក់នោះដោយសន្តិវិធីខណៈដែលការវាយប្រហាររបស់គាត់ទៅលើពួកគេនៅតែបន្តមុនពេលមន្ដ្រីម្នាក់បាញ់លើគាត់។
អគ្គមេបញ្ជាការប៉ូលិសលោក David Clayton បាននិយាយថា “បុរសម្នាក់នោះត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុហើយបញ្ជូនទៅមន្ទីរពេទ្យក្រោមការត្រួតពិនិត្យរបស់ប៉ូលិសក្នុងស្ថានភាពធ្ងន់ធ្ងរ”។
លោកបាននិយាយថា មនុស្សម្នាក់ទៀតបានស្លាប់នៅកន្លែងកើតហេតុហើយពីរនាក់ផ្សេងទៀតកំពុងត្រូវបានគេព្យាបាល។
លោក Clayton បន្តថា “នៅដំណាក់កាលនេះ មិនមានតំណភ្ជាប់ទៅនឹងអំពើភេរវកម្មឡើយ។ យើងកំពុងបើកការស៊ើបអង្កេត”។
ស្របពេលជាមួយគ្នានោះ ប៉ូលិសបានព្រមានប្រជាពលរដ្ឋឲ្យចៀសវាងពីតំបន់នេះហើយបានបញ្ជូនក្រុមដោះគ្រាប់បែកដើម្បីទៅការពារតំបន់នេះនិងពិនិត្យមើលរថយន្តដែលដុតឆេះ។
មន្ត្រីប៉ូលិសនិយាយថាពួកគេមិនស្វែងរកនរណាម្នាក់ទៀតឡើយនៅដំណាក់កាលដំបូងនេះ។
ការវាយប្រហារនេះបានកើតឡើងខណៈដែលលោក James Gargasoulas អាយុ២៨ឆ្នាំកំពុងទទួលការជំនុំជម្រះក្តីនៅទីក្រុង Melbourne សម្រាប់ការបើករថយន្តចូលហ្វូងមនុស្សនៅក្នុងតំបន់ដដែលនេះកាលពីឆ្នាំ២០១៧ដោយបានសម្លាប់មនុស្សចំនួន៦នាក់៕ AFP
Source: Kampuchea Thmey Daily
0 Comments