ពោធិ៍សាត់ ៖ ផ្ទះប្រជាកសិករមួយខ្នង រួមទាំងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ត្រូវបានអគ្គិភ័យឆាបឆេះអស់ ដោយសារឆ្លងចរន្តអគ្គិសនី ទុស្សេខ្សែភ្លើង ខណៈម្ចាស់ផ្ទះនៅឯស្រែ។
ឧប្បត្តិហេតុនេះ បានកើតឡើង កាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិខ្នារទទឹង ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
បើតាមលោក ញាណ សាវឿន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងខ្នារប្រាប់ថា ម្ចាស់ផ្ទះឈ្មោះ សេង ស៊ុយ ភេទប្រុស អាយុ៥០ឆ្នាំ និងប្រពន្ធឈ្មោះ គួយ មុំ អាយុ៤៩ឆ្នាំ រស់នៅភូមិឃុំខាងលើ ផ្ទះមានទំហំ ៦គុណ៧ ធ្វើអំពីឈើក្រាលក្ដារ ប្រក់ស័ង្កសី តុល្យភាពខូចខាតផ្ទះមួយខ្នង អង្ករ៥០គីឡូក្រាម សម្ភារៈប្រើប្រាស់ទាំងអស់ លុយចំនួន បីលាន ប៉ែតសិបម៉ឺនរៀល ខ្សែកមាសទម្ងន់៥ជី កង់ជិះជាមធ្យោបាយអស់៣គ្រឿង។
លោកនាយប៉ុស្តិ៍បាននិយាយពីហេតុការណ៍នេះថា មុនពេលកើតហេតុ គឺប្ដីប្រពន្ធម្ចាស់ផ្ទះ បាននាំគ្នាទៅស្រែច្រូតស្រូវបាត់។ លុះម៉ោងប្រមាណ១២ថ្ងៃត្រង់ខាងលើ ក៏បានឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងគ្មាននរណាដឹង ក៏បង្កជាអគ្គិភ័យឆាបឆេះសន្ធោសន្ធៅក្នុងមួយប៉ប្រិចភ្នែកក្លាយជាផេះតែម្ដង ហើយខាងអាជ្ញាធរ ក៏បានចុះមកដល់ទីតាំងនេះដែរ ដើម្បីធ្វើរបាយការណ៍ជូនទៅថ្នាក់លើសុំជំនួយជួយឧបត្ថម្ភពីសាខាកាកបាទក្រហមដល់គ្រួសារជនរងគ្រោះ៕
Source: Kampuchea Thmey Daily
0 Comments