កីឡាករជើងខ្លាំងគឹម វាសនា អ្នកប្រដាល់ នៃក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ និងកីឡាករ លិញ ភារម្យ អ្នកប្រដាល់ភារម្យគុនខ្មែរ ត្រូវគេផ្គូផ្គងឲ្យជួបជាមួយកីឡាករថៃCHHang Soek Keat Thongrith និងកីឡាករPhat norng Bee ខណៈកីឡាករពុយ វណ្ណៈ អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិ៍សាត់ជួបជាមួយកីឡាករជនជាតិអ៊ីរ៉ង់Shirkhani Shahab នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ការជួបគ្នារវាងកីឡាករ គឹម វាសនា និងកីឡាករថៃCHHang Soek Keat Thongrith ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម អ្នកទាំងពីរមិនដែលធ្លាប់ជួបគ្នាទេនាពេលកន្លងមកនៅសង្វៀននេះ កីឡាករថៃម្នាក់នេះមិនទាន់ដឹងថា គេមានកំណត់ត្រាប្រកួតបែបណានោះទេ តែកីឡាករថៃភាគច្រើនគេពូកែខាងស្នៀតជើងទាត់ និងជង្គង់ ព្រមទាំងស្នៀតកាច់ផ្ដួល។
ទោះជាយ៉ាងណា អ្នកប្រដាល់ថៃCHHang Soek Keat Thongrith រូបនេះ មិនប្រាកដថាអាចឈ្នះ គឹម វាសនា បាននោះឡើយ ព្រោះថា គឹម វាសនា ពេលនេះគេរឹងមាំទាំងកាយសម្បទា ខ្លាំងទាំងស្នៀតប្រដាល់ បន្ទាប់ពីគេជួបប្រកួតជាមួយថៃច្រើននាក់កន្លងមកនេះ។
គឹម វាសនា ឥឡូវគេជាជើងខ្លាំងរបស់កម្ពុជា ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមនេះផងដែរ។ ក្រោយពេលឆ្លងកាត់ការប្រកួតជាមួយថៃជាច្រើនលើកកន្លងមកនោះ បានធ្វើឲ្យគេមានបទពិសោធន៍ច្រើនក្នុងការប្រកួត ដោយគេវាយជាមួយថៃ ដូចវាយជាមួយខ្មែរគ្នាឯងអីចឹង គឺគ្មានញញើតខ្លាចរអាអ្វីបន្តិចឡើយ។
ការប្រកួតរបស់ គឹម វាសនា កន្លងមកគេមានកណ្ដាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់ និងជង្គង់ កែង ក៏ល្អថែមទៀតផងដែរ។
ចាំមើលការប្រកួតនេះ គឹម វាសនា និងកីឡាករថៃCHHang Soek Keat Thongrith តើនរណាជាអ្នកឈ្នះ?។
ចំណែកកីឡាករ ពុយ វណ្ណៈ ជួបជាមួយកីឡាករអ៊ីរ៉ង់Shirkhani Shahab ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំង២មិនដែលជួបគ្នាទេពីមុនមក តែយ៉ាងណាកីឡាករថៃគេរឹងមាំ កម្លាំងស៊ុហ្វខ្លាំង និងស្នៀតជើងទាត់ ជង្គង់របស់គេវាយចេញរហ័ស និងខ្លាំងទៀតផង។
រីឯកីឡាករ ពុយ វណ្ណៈ គេជាកីឡាករជើងថ្មីតែស្នៀតប្រយុទ្ធរបស់គេល្អ ពិសេសគឺស្នៀតកណ្ដាប់ដៃ និងជង្គង់តែម្ដង ដែលអាចវាយប្រយោលក៏បានចូលកៀកក៏បាន ដោយប្រើបានលឿន ហើយធ្ងន់ថែមទៀត។ ចាំមើលក្នុងការប្រកួតនេះកីឡាករ ពុយ វណ្នៈ អាចយកឈ្នះលើកីឡាករអ៊ីរ៉ង់ Shirkhani Shahab បានដែរឬយ៉ាងណា?។
ដោយឡែកកីឡាករ លិញ ភារម្យ ត្រូវជួបជាមួយកីឡាករថៃPhat norng Bee ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅប្រទេសកម្ពុជាជាច្រើនលើកមកហើយ ស្នៀតខ្លាំងរបស់គេ គឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្ដួល។
ចំណែកកីឡាករ លិញ ភារម្យ គេជាកីឡាករជើងថ្មីកំពុងធ្វើឲ្យអ្នកតាមដានប្រដាល់ចាប់អារម្មណ៍ចំពោះស្នៀតប្រយុទ្ធរបស់គេ ការប្រកួតកន្លងមកគេប្រើបានទាំងដៃទាំងជើងតែម្តងលិញ ភារម្យ គេជាអ្នកស្រករក្រោយមែនតែចិត្តរបស់គេធំខ្លាំងណាស់មិនតែប៉ុណ្ណោះ គេវាយដោយហ៊ានប្ដូរកែងជាមួយគូប្រកួតដោយគ្មានញញើតទៀតផង។ ចាំមើលរវាងកីឡាករ លិញ ភារម្យ និងកីឡាករថៃកីឡាករPhat norng Bee នរណាជាអ្នកឈ្នះ?៕
Source: Kampuchea Thmey Daily
0 Comments