ស្ថានីយទូរទស្សន៍ជប៉ុនមួយបានលុបចោលការសម្តែងរបស់ក្រុមតារាចម្រៀង BTS ដ៏មានប្រជាប្រិយភាពរបស់កូរ៉េ បន្ទាប់ពីភាពចម្រូងចម្រាសបានផ្ទុះឡើងដោយសារអាវដែលពាក់ដោយសមាជិកម្នាក់មានបង្ហាញពីផ្សែងខ្មួលខ្មាញ់ដែលបង្កើតឡើងដោយគ្រាប់បែកបរមាណូ។
ក្រុមចម្រៀងល្បីល្បាញជាអន្តរជាតិមួយនេះគ្រោងនឹងសម្តែងក្នុងទូរទស្សន៍ Asahi នៅថ្ងៃសុក្រប៉ុន្តែស្ថានីយនេះបានលុបចោលការប្រគំតន្ត្រីភ្លាមៗបន្ទាប់ពីរូបថតរបស់សមាជិកម្នាក់ឈ្មោះ Jimin ដែលពាក់អាវយឺតបានបង្កឲ្យមានការជជែកវែកញែក។
ទូរទស្សន៍ Asahi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វត្តមានរបស់ក្រុម BTS នៅថ្ងៃទី៩ត្រូវបានលុបចោល”។ ស្ថានីយទូរទស្សន៍នេះបានបន្ថែមថា “អាវយឺតដែលពាក់ដោយសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំងអស់បានធ្វើឲ្យមានការជជែកវែកញែកនិងក្លាយទៅជារឿងដ៏ចម្រូងចម្រាស”។
ទន្ទឹមនោះដែរ ក្រុម BTS បានចេញសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួនរបស់ពួកគេស្តីពីបញ្ហានេះប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតថាតើហេតុអ្វីបានជាការប្រគុំតន្ត្រីត្រូវបានផ្អាកនោះទេ។
ក្រុមនេះបាននិយាយនៅលើគេហទំព័ររបស់ពួកគេថា “យើងសុំទោសចំពោះអ្នកគាំទ្រដែលខកចិត្ត។ BTS នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីភ្ជាប់ជាមួយអ្នកគាំទ្រនៅលើឆាកនិងតាមរយៈតន្ត្រី”។
អាវយឺតនេះមានឃ្លាថា “PATRIOTISM OUR HISTORY LIBERATION KOREA” ជាច្រើនជួរជាមួយរូបភាពនៃការផ្ទុះគ្រាប់បែកបរមាណូនិងជនជាតិកូរ៉េអបអរការរំដោះ។
សមាជិកក្រុម BTS ឈ្មោះ Jimin ត្រូវបានគេរាយការណ៍ថាបានពាក់អាវយឺតនេះកាលពីឆ្នាំមុននៅថ្ងៃទី១៥ខែសីហានៅពេលកូរ៉េប្រារព្ធការបញ្ចប់ការកាន់កាប់របស់ជប៉ុនក្នុងឆ្នាំ១៩៤៥។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងជប៉ុននិងកូរ៉េខាងត្បូងនៅតែល្អក់កករដោយសារជម្លោះដ៏ជូរចត់លើបញ្ហាប្រវត្តិសាស្ត្រនិងទឹកដីដែលកើតចេញពីការគ្រប់គ្រងអាណានិគមឆ្នាំ១៩១០ដល់ឆ្នាំ១៩៤៥ដ៏ឃោឃៅរបស់ជប៉ុនលើឧបទ្វីបនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments