ភ្នំពេញ ៖ បុរសមានអាការៈស្រវឹងស្រាម្នាក់ បើករថយន្តលុច្សស៊ីសLX570 ពាក់ស្លាកលេខ ខ,ម ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករះរថយន្តពីរគ្រឿងទៀត ជាបន្តបន្ទាប់គ្នា និងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ក្រោយកើតហេតុ អ្នកបើករថយន្តបង្ក ក៏ចុះស្រែឡូឡា មិនទទួលខុស ហើយបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចបុរីកីឡា តាមបណ្ដោយផ្លូវលេខ២១១ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក លុច្សស៊ីសLX570 ពាក់ស្លាកលេខខេមរភូមិន្ទ01 2-9905 តាមបណ្ដោយផ្លូវ២១១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន មិនដឹងយ៉ាងម៉េច បានរេចង្កូតទៅប៉ះកៀររថយន្តម៉ាសឺដេស រងការខូចខាតបន្តិចបន្តួច ហើយបានសងសំណងចំនួន៥០ដុល្លារ ដើម្បីបញ្ចប់រឿង ចំណែករថយន្តរងគ្រោះក៏ចាកចេញទៅបាត់ទៅ។
សាក្សីបន្តថា ក្រោយពីដោះស្រាយសំណងឲ្យគេរួច អ្នកបើកបររថយន្តឡិចស៊ីស មានអាការៈស្រវឹង ជោកជាំ ក៏បានបើកបន្តដំណើរទៅបុករះរថយន្តពីរគ្រឿងទៀត ដោយមួយគ្រឿងម៉ាកកាមរីហាយប្រីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AI-1909 និងមួយគ្រឿងទៀតម៉ាកហាយឡាក់វីហ្គូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AD-0111 ចតនៅលើចំណីផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើកបររថយន្តឡិចស៊ីស សង្ស័យអាងរថយន្តពាក់ស្លាកលេខ ខ.ម ក៏បានបើកទ្វារចុះមកក្រៅ ស្រែកឡូឡា មិនទទួលខុស បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ សម្របសម្រួល ប៉ុន្តែជននោះហាក់មិនស្ដាប់នៅតែប្រកែកយកត្រូវរៀងៗខ្លួន។
ខណៈពេលមនុស្សម្នាកំពុងចោមរោមមើល អ្នកបើករថយន្តបង្កហេតុ ត្រូវបានមិត្តភ័ក្ដិបងប្អូន រំដោះ គេចខ្លួនចេញបាត់ទៅ។
បន្ទាប់មក សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ៧មករា បានទំនាក់ទំនងទៅជំនាញចរាចរណ៍ក្រុង ឲ្យវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយតាមក្រោយ៕
Source: Kampuchea Thmey Daily
0 Comments