ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីលោកអនុសេនីយ៍ឯក ឯម ភារី នាយនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ បានឲ្យដឹងថា នៅវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី០៩វិច្ឆិកានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់បង្កខូចខាតរថយន្តអ្នកដំណើរចំនួន៦គ្រឿង ម៉ូតូ៣គ្រឿង ម៉ូតូកង់បី៤គ្រឿង និងបុកចូលសំយាបផ្ទះប្រជាពលរដ្ឋអស់ចំនួន៦ល្វែង ថែមទាំងរបួសមនុស្ស៥នាក់។
លោកនាយប៉ុស្តិ៍បន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងតាមបណ្ដោយផ្លូវវេងស្រេងស្ថិតក្នុងក្រុមទី០៦ ភូមិដំណាក់ធំ០៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីលោកនាយប៉ុស្តិ៍បានបន្តទៀតថា មុនពេលកើតហេតុគេសង្កេតឃើញថា រថយន្តបង្កម៉ាកហ៊ីណូ ពណ៌ត្រេអ៊ី ក្បាលលឿង ពាក់ស្លាកលេខភ្នំពេញ៣A ៧៥ ០៣ បើកបរដោយឈ្មោះ ចែម សុខណា ភេទប្រុស អាយុ៣៨ឆ្នាំ បានធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន។
លុះមកដល់ចំណុចកើតហេតុ រថយន្តបង្កបានជ្រុលទៅបុករថយន្តដែលបើកបរពីមុខជាបន្តបន្ទាប់ចំនួន៦គ្រឿង រួចជ្រុលបុកម៉ូតូ៣គ្រឿន និងម៉ូតូកង់បីផលិតនៅប្រទេសឥណ្ឌាចំនួន៤គ្រឿង ហើយពុំទាន់អស់ល្បឿននោះ រថយន្តក៏បានបុករះសំយាបផ្ទះប្រជាពលរដ្ឋអស់៦ល្វែងដែលទីបញ្ចប់ទៅបុកចូលផ្ទះដោយបំផ្លាញអស់ទ្រព្យសម្បត្តិប្រជាពលរដ្ឋជាច្រើន។
ក្នុងហេតុការណ៍នេះគេឮសូរសម្រែកអ្នករងរបួសឲ្យទ្រហឹង ដោយឡែកអ្នកបើកបររថយន្តត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចាប់បានភ្លាមៗ និងប្រគល់ទៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញធ្វើការដោះស្រាយព្រោះជាករណីធ្ងន់ធ្ងរ។
ប្រជាពលរដ្ឋ បានឆ្ងល់ថា ហេតុអ្វីក៏រថយន្តយីឌុបធុនធំនេះត្រូវបានអនុញ្ញាតឲ្យបើកបរពេលព្រឹកបែបនេះទៅវិញ៕
Source: Kampuchea Thmey Daily
0 Comments