ប្រធានាធិបតីអាមេរិកលោក Donald Trump ត្រូវបានគេចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍ថា កំពុងជំរុញឲ្យសហរដ្ឋអាមេរិកឆ្ពោះទៅរកវិបត្តិរដ្ឋធម្មនុញ្ញមួយបន្ទាប់ពីការបណ្តេញអគ្គរដ្ឋអាជ្ញារបស់លោកបានបណ្តាលឲ្យមានការសង្ស័យទៅលើអនាគតនៃការស៊ើបអង្កេតមួយចូលទៅក្នុងការឃុបឃិតការបោះឆ្នោតជាមួយភ្នាក់ងាររុស្ស៊ី។
ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីថ្ងៃអង្គារ លោក Trump បានសន្យាថានឹងមានយុគសម័យថ្មីមួយនៃកិច្ចសហប្រតិបត្តិការប៉ុន្តែមានការសង្ស័យថា គាត់កំពុងព្យាយាមសម្លាប់ការស៊ើបអង្កេតរុស្ស៊ីហើយការបង្កើនកាន់តែខ្លាំងក្លានៃសង្គ្រាមរបស់គាត់ជាមួយអ្នកកាសែតបានធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់។
ការស៊ើបអង្កេតដោយរដ្ឋអាជ្ញាពិសេស Robert Muller ចូលទៅក្នុងថាតើយុទ្ធនាការរបស់លោក Trump បានឃុបឃិតជាមួយទីក្រុងមូស្គូដែរឬក៏អត់ក្នុងអំឡុងការបោះឆ្នោតឆ្នាំ២០១៦នោះបានធ្វើឲ្យលោក Trump ត្រូវជួបប្រទះភាពវឹកវរក្នុងការកាន់តំណែងរបស់គាត់ជាប្រធានាធិបតី។
លោក Trump បានបន្តគំរាមកំហែងថា លោកមានអំណាចក្នុងការបិទនូវអ្វីដែលលោកហៅថាជា “ការចោទប្រកាន់ផ្តេសផ្តាស” ហើយកាលពីថ្ងៃពុធ លោកបានចាត់វិធានការដ៏មានសក្តានុពលជាលើកដំបូងនៅពេលលោកបានជំនួសអគ្គរដ្ឋអាជ្ញា Jeff Sessions ជាមួយអ្នកស្មោះស្ម័គ្រឈ្មោះ Matthew Whitaker ។
ការផ្លាស់ប្តូរដែលបានប្រកាសយ៉ាងឆាប់រហ័សនៅក្នុងការបង្ហោះ Twitter របស់លោក Trump នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលទូទាំងទីក្រុងវ៉ាស៊ីនតោនដែលជាកន្លែងអ្នកនយោបាយមកពីគណបក្សទាំងពីរបានព្រមានជាយូរមកហើយថា ការជ្រៀតជ្រែកផ្នែកនយោបាយនៅក្នុងការងាររបស់លោក Mueller មិនអាចត្រូវបានគេអត់ឱនឲ្យទេ។
គណបក្សប្រជាធិបតេយ្យដែលបានឈ្នះសភាជាន់ទាបនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីថ្ងៃអង្គារឥឡូវនេះបានឃើញថា លោក Trump ខិតជិតទៅនឹងការឆ្លងកាត់ខ្សែបន្ទាត់ហើយជាមួយនឹងគោលដៅចុងក្រោយនៃការលាក់បាំងឧក្រិដ្ឋកម្មដែលគេបានចោទប្រកាន់។
លោក Neal Katyal និងលោក George Conway ដែលជាមេធាវីល្បីឈ្មោះទាំងពីរនៅទីក្រុងវ៉ាស៊ីនតោនបានសរសេរនៅក្នុងកាសែត The New York Times ថា លោក Trump បានរំលោភច្បាប់រួចទៅហើយដោយតែងតាំងលោក Whitaker ទាំងគ្មានការបញ្ជាក់ពីព្រឹទ្ធសភា។
ពួកគេបានអះអាងថា ការតែងតាំងយ៉ាងឆាប់រហ័សនេះគឺមិនស្របតាមរដ្ឋធម្មនុញ្ញទេ។ វាជារឿងខុសច្បាប់ហើយវាមានន័យថា អ្វីដែលលោក Whitaker ធ្វើឬព្យាយាមធ្វើនៅក្នុងតំណែងនោះគឺមិនត្រូវបានគេយកជាការឡើយ៕ AFP
Source: Kampuchea Thmey Daily
0 Comments