កីឡាករជើងខ្លាំងវ័យក្មេង ឡៅ ចន្ទ្រា អ្នកប្រដាល់របស់ក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ កៀកស្មា កីឡាករធន់ ចាន់តាក់ អ្នកប្រដាល់ នៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ជួបកីឡាករថៃ Manav Thorng និងកីឡាករVat Chharadeth ដើម្បីសាកស្នៀតគុនលើសង្វៀនស៊ីអ៊ិនស៊ី នាថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
កីឡាករ ឡៅ ចន្ទ្រា ដែលដែលត្រូវជួបជាមួយកីឡាករថៃ Manav Thorng នេះ ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះ ឡៅ ចន្ទ្រា គេទើបដំឡើងគីឡូ ចំណែកកីឡាករថៃធ្លាប់មកប្រកួតនៅសង្វៀននេះជាច្រើនលើកមកហើយ មានឈ្នះ មានចាញ់ ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា ស្នៀតខ្លាំងរបស់គេ គឺទាត់កាត់ និងជង្គង់ និងស្នៀតកាច់ផ្ដួល។
កីឡាករ ឡៅ ចន្ទ្រា នាបច្ចុប្បន្ននេះ គឺរបៀបវាយរបស់គេល្អ ប្រកបដោយប្រសិទ្ធភាព។ រីឯស្នៀតជង្គង់របស់គេមុតស្រួច គូប្រកួតល្មមៗពិបាកនឹងតតាំងជាមួយគេបានណាស់ ដៃគូប្រកួតទាំងស្រករមុនទាំងស្រករក្រោយជាច្រើននាក់មកហើយបានសុំចុះចាញ់ និងសន្លប់ ក្រោមស្នៀតជង្គង់របស់គេនោះ។ ចាំមើលកីឡាករ ឡៅ ចន្ទ្រា អាចយកឈ្នះលើកីឡាករថៃ Manav Thorng បានដែរ ឬយ៉ាងណា?។
ដោយឡែក កីឡាករ ធន់ ចាន់តាក់ ត្រូវជួបជាមួយកីឡាករថៃ Vat Chharadeth ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរក៏មិនធ្លាប់ជួបគ្នាដែរកន្លងមកនៅសង្វៀននេះ។ ធន់ ចាន់តាក់ បច្ចុប្បន្នក៏ទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជាផងដែរជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកណ្ដាប់ដៃ និងកែង ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៏ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។
តែយ៉ាងណាក្នុងការជួបប្រកួតជាមួយកីឡាករថៃ Vat Chharadeth នេះត្រូវបានអ្នកវិភាគប្រដាល់អះអាងថា ធន់ ចាន់តាក់ សង្ឃឹមហាសិបភាគរយប៉ុណ្ណោះ បើទោះជានៅក្នុងទឹកដីខ្លួនឯងក៏ដោយ ព្រោះថាកីឡាករថៃ Vat Chharadeth នេះធ្លាប់មកអង្រួនសង្វៀននៅស្រុកខ្មែរជាច្រើនឆ្នាំមកហើយ។
រវាងកីឡាករទាំងពីរនាក់នេះ បើនរណាវាយរៀងមើលងាយគូប្រកួតនោះ ច្បាស់ជាចាញ់មិនខាន។ ចាំមើលកីឡាករ ធន់ ចាន់តាក់ ជាអ្នកឈ្នះកីឡាករថៃ Vat Chharadeth?៕
Source: Kampuchea Thmey Daily
0 Comments