យោងតាមឯកសារដែលមើលឃើញដោយ AFP កាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងពន្យារពេលការអនុម័តសំណើជាច្រើនសម្រាប់ការលើកលែងទណ្ឌកម្មដើម្បីផ្តល់ត្រាក់ទ័រ គ្រឿងបន្លាស់និងទំនិញផ្សេងទៀតដែលត្រូវការជាចាំបាច់សម្រាប់ជំនួយមនុស្សធម៌នៅប្រទេសកូរ៉េខាងជើង។
ប្រទេសរុស្ស៊ីបានស្នើសុំឲ្យក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីការពន្យារពេលនេះនៅក្នុងកិច្ចប្រជុំ បិទទ្វារមួយកាលពីថ្ងៃព្រហស្បតិ៍។
ប្រទេសកូរ៉េខាងជើងកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មដោយសារការធ្វើតេស្តមីស៊ីលនិងនុយក្លេអ៊ែរប៉ុន្តែសេចក្តីសម្រេចរបស់ UN បានបញ្ជាក់ថា ទាំងនេះមិនគួរប៉ះពាល់ដល់ជំនួយមនុស្សធម៌ទេ។
យោងតាមឯកសារដែលត្រូវបានមើលឃើញដោយ AFP បានបង្ហាញថា ការលើកលែងនេះនឹងអនុញ្ញាតឲ្យមានការផ្តល់គ្រឿងបរិក្ខារដែលត្រូវការដើម្បីជួសជុលទីតាំងសុខាភិបាលកូរ៉េខាងជើង ឧបករណ៍កសិកម្មដូចជាត្រាក់ទ័រនិងទំនិញផ្សេងទៀតដែលត្រូវការសម្រាប់គម្រោងមនុស្សធម៌។
ឯកអគ្គរដ្ឋទូតអាមេរិកលោកស្រី Nikki Haley បាននិយាយថា សហរដ្ឋអាមេរិកនឹងចំណាយពេលវេលារបស់ខ្លួនដើម្បីពិនិត្យសំណើនេះដើម្បីធានាថា ពួកគេមិនត្រូវបានបង្វែរទៅរកក្រុងព្យុងយ៉ាងជំនួសឲ្យអ្នកដែលត្រូវការជំនួយទេ។
សហរដ្ឋអាមេរិកបានច្រានចោលការអំពាវនាវពីប្រទេសចិននិងរុស្ស៊ីឲ្យបន្ធូរបន្ថយទណ្ឌកម្មដើម្បីលើកទឹកចិត្តដល់មេដឹកនាំគីមជុងអ៊ុនឲ្យបញ្ឈប់ការសាកល្បងមីស៊ីលនិងបើកចំហចំពោះកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក។
រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានអះអាងថា សម្ពាធអតិបរមាពីការដាក់ទណ្ឌកម្មត្រូវតែរក្សាដើម្បីបង្ខំលោកគីមឲ្យអនុវត្តតាមការសន្យារបស់លោកក្នុងការរំសាយនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ។
លោកស្រី Haley បាននិយាយថា កិច្ចប្រជុំតាមការគ្រោងទុករវាងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo និងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងលោក Kim Yong Chol ដើម្បីជំរុញឲ្យមានវឌ្ឍនភាពនៃការលុបបំបាត់អាវុធនុយក្លេអ៊ែរគឺត្រូវបានលុបចោលតាមសំណើរបស់ក្រុងព្យុងយ៉ាង។
លោកស្រីបន្តថា “ពួកគេផ្អាកវាដោយសារតែពួកគេមិនទាន់ត្រៀមខ្លួនបានរួចរាល់”។
យោងតាមការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិឲ្យដឹងថា ប្រជាជនប្រហែល ១០.៣លាននាក់ឬ៤១ភាគរយនៃប្រជាជនកូរ៉េខាងជើងគឺមានបញ្ហាកង្វះអាហារូបត្ថម្ភ៕ AFP
Source: Kampuchea Thmey Daily
0 Comments