កណ្ដាល ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលល្បាតចាប់ខ្លួនបាន បន្ទាប់ពីមានបណ្ដឹងពីមាតាបិតាអាណាព្យាបាលសិស្សតែងទៅប្ដឹងញឹកញាប់ថាកូនតូចៗរបស់ពួកគាត់តែងបាត់បង់គ្រឿងអលង្ការពីខ្លួន ខណៈពួកគេចេញពីសាលារៀនត្រឡប់មកផ្ទះវិញ ដល់ពេលស្រាវជ្រាវចាប់ខ្លួនបានទើបដឹងថា បុរសនេះសម្ងំស៊ីគ្រឿងអលង្ការក្មេងៗសិស្សសាលាស្ទើរពាយទៅហើយ ដែលការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល។
ក្មេងស្រីធ្លាប់រងគ្រោះជាក់ស្ដែងដែលបាននាំគ្នាចេញមុខមកប្ដឹងមាន៤នាក់ ឯអ្នកខ្លះទៀតមិនទាន់មកប្ដឹងឡើយ ហើយក៏មិនទាន់ដឹងថា សមត្ថកិច្ចចាប់បានជនល្មើសនៅឡើយទេ។
ក្មេងរងគ្រោះទី១-ឈ្មោះ វ៉ាន នីកា ភេទស្រី អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ថ្នាក់ទី០៥ រស់នៅភូមិទន្លាប់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល(ដោះយកមិនទាន់បាន)។ ទី២-ឈ្មោះ ទិល ពិសី ភេទស្រី អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ថ្នាក់ទី០៥ រស់នៅភូមិក្រាំងលាវ ឃុំព្រៃពួចស្រុកអង្គស្នួល ខេត្តកណ្តាល (ធ្លាប់បាត់ខ្សែកប្លាទីន៣ជី និងចិញ្ចៀន១ជី)។ ទី៣-ឈ្មោះ ស្រ៊ុន ស៊ីនតី ភេទស្រីអាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី០៥ រស់នៅភូមិចម្ការជោរ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល(ធ្លាប់បាត់បង់កងដៃប្លាទីនទិញតម្លៃ១០០ដុល្លារ)។ ទី៤-ឈ្មោះ លី ស្រីវី ភេទស្រី អាយុ០៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៣ នៅភូមិគុម្ពោតស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ធ្លាប់បាត់បង់ខ្សែកប្លាទីន១ខ្សែ តម្លៃ១០០ដុល្លារ)។
ជនសង្ស័យឈ្មោះ ខឹម រ៉េង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្ដុំផ្សារកាណាស៊ីធី ភូមិ ចោមចៅ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកសម្ភារៈដកហូតយកបានមានម៉ូតូម៉ាក ZOOMER X ពណ៌ក្រហមលាយស ពាក់ស្លាកលេខកំពង់ស្ពឺ 1L-8420 លេខម៉ាស៊ីន១១៩៦៣២។ ខ្សែកកាឡៃ១ខ្សែ និងផ្លាកដៃកាឡៃ១ខ្សែ។
តាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាសិស្សបានចេញពីសាលារៀនជិះកង់ទៅផ្ទះ ហើយបានជួបនឹងជនសង្ស័យនៅចំណុចកើតហេតុ ដោយជនសង្ស័យប្រើល្បិចធ្វើជាខូចហ្វ្រាំងម៉ូតូ ហើយហៅជនរងគ្រោះឲ្យជួយ ពេលក្មេងៗមកជួយ ទើបជនសង្ស័យចាប់ផ្ដើមសួរនាំពីនេះពីនោះផ្សេងៗដូចជា សួរម៉ែឈ្មោះអីជាដើម រួចរូបគេក៏បានណែនាំខ្លួនឯងប្រាប់ក្មេងៗថា ខ្លួនជាជាងប្លាទីន ហើយខ្លួននិយាយកុហកក្មេងៗថា ម្ដាយឯងឲ្យយកខ្សែកទៅប្ដូរយកខ្សែកថ្មី ហើយធំដោយក្មេងចាញ់បោកនូវពាក្យបញ្ឆោតលួងលោមទើបជនរងគ្រោះជាសិស្សព្រមដោះឲ្យតាមសម្រួលហើយជនសង្ស័យជិះម៉ូតូចេញទៅបាត់ ដោយបានផ្ដែផ្ដាំថា ចាំពូយកខ្សែកថ្មីទៅឲ្យម៉ែក្មួយតែម្ដង។
ប្រភពបន្ដថា ជនសង្ស័យរូបនេះតែងប្រើល្បិចបែបនេះបានជោគជ័យច្រើនលើកច្រើនសាមកហើយស្ទើររាប់ភ្លេច មិនមែនតែនៅក្នុងភូមិសាស្ត្រស្រុកអង្គស្នួលប៉ុណ្ណោះទេ ពោលជនសង្ស័យតែងចល័តខ្លួនដើរធ្វើសកម្មភាពបែបនេះស្ទើរគ្រប់ច្រកល្ហកនៅពេលដែលស្ថានការណ៍បែបមិនសូវស្រួលទើបគេប្ដូរទីតាំងម្ដង។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថា ខ្លួនពិតជាបានប្រើល្បិចបែបនេះមែន ដោយទទួលបានផលគួរសម ទើបតែពេលនេះទេ ដែលស៊យធំចឹងនោះ។
បើតាមគេចាំត្រួសៗនិយាយប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង
១១និង២០នាទី ខ្លួនកំពុងតែលួងលោមក្មេងៗ ក៏ជួបកម្លាំងសមត្ថកិច្ចល្បាតប្រទះឃើញហើយឃាត់ខ្លួនតែម្ដង។
នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង១១និង៣០នាទី ខ្លួនយកបានខ្សែក និងចិញ្ចៀនប្លាទីន១លើកពីក្មេងរងគ្រោះមិនចាំឈ្មោះ។
នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៥និង៣០នាទីល្ងាច ខ្លួនបានដោះយកបានកងដៃប្លាទីន១វង់។
នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១២និង៣០នាទី ខ្លួនបានដោះយកខ្សែក១ខ្សែបានសម្រេចផងដែរ។
ចំពោះករណីនេះ កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តទៀត ហើយក៏បានរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីផងដែរ៕
Source: Kampuchea Thmey Daily
0 Comments