ប៉ូលិសអន្តរជាតិ Interpol ត្រូវតែទទួលយកការលាលែងពីប្រធានជនជាតិចិនរបស់ខ្លួនដែលត្រូវបានឃុំឃាំងនៅក្នុងប្រទេសចិនពីបទទទួលយកសំណូក។ នេះបើតាមការឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ពីអគ្គលេខាធិការរបស់អង្គការមួយនេះ។
លោក Juergen Stock បានប្រាប់សន្និសីទសារព័ត៌មានមួយនៅឯទីស្នាក់ការកណ្តាលរបស់ប៉ូលិស Interpol ក្នុងទីក្រុងលីយ៉ុងនៃប្រទេសបារាំងថា ប៉ូលិស Interpol ដែលសំរបសំរួលប៉ូលិសធ្វើការនៅទូទាំងពិភពលោកបានជំរុញយ៉ាងខ្លាំងក្លាឲ្យប្រទេសចិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីអ្វីដែលបានកើតឡើងជាក់ច្បាស់នៅពេលអតីតនាយកប្រតិបត្តិលោក Meng Hongwei ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនកាលពីដើមខែតុលា។
លោក Stock បាននិយាយថា “យើងត្រូវទទួលយកដូចជាយើងនឹងទទួលយកជាមួយប្រទេសដទៃទៀតដែរថា ប្រទេសចិនកំពុងធ្វើការសម្រេចចិត្តអធិបតេយ្យហើយប្រសិនបើប្រទេសនោះប្រាប់យើង យើងមានការស៊ើបអង្កេត ពួកគេកំពុងបន្តហើយប្រធានបានលាលែងពីតំណែង គាត់មិនមែនជាប្រតិភូនៃប្រទេសនេះទៀតទេបន្ទាប់មកយើងត្រូវតែទទួលយក”។
លោក Meng ដែលបានធ្វើដំណើរត្រឡប់ទៅប្រទេសចិនវិញត្រូវបានរាយការណ៍ថាបាត់ខ្លួនដោយប្រពន្ធរបស់គាត់ដែលស្នាក់នៅផ្ទះនៅភាគអាគ្នេយ៍នៃទីក្រុងលីយ៉ុងប្រទេសបារាំង។
បន្ទាប់មកប្រទេសចិនបានជូនដំណឹងប៉ូលិស Interpol ថា លោក Meng បានលាលែងពីតំណែងជាប្រធានអង្គការនេះមុនពេលនិយាយថា គាត់ត្រូវបានចោទប្រកាន់ពីបទទទួលសំណូក។
ទោះបីជាយ៉ាងណាក៏ដោយ លោក Stock បាននិយាយថា លោកមិនមានព័ត៌មានលម្អិតបន្ថែមទេប៉ុន្តែអាចនិយាយបានថា ការចោទប្រកាន់នេះគឺមិនត្រូវបានផ្សារភ្ជាប់ទៅនឹងការងាររបស់លោក Meng នៅឯប៉ូលិសអន្តរជាតិទេ។
អ្នកស្នងតំណែងរបស់លោក Meng គឺនឹងត្រូវតែងតាំងនៅចុងខែនេះក្នុងមហាសន្និបាតរបស់ប៉ូលិស Interpol នៅទីក្រុងឌូបៃ។
គួរបញ្ជាក់ជាថ្មីថា ស្ថាប័នដែលកំពុងស៊ើបអង្កេតលោក Meng គឺគណៈកម្មការគ្រប់គ្រងជាតិរបស់ប្រទេសចិនអាចឃុំឃាំងជនសង្ស័យរយៈពេល៦ខែដោយមិនចាំបាច់ផ្តល់ការប្រឹក្សាដល់មេធាវី៕ AFP
Source: Kampuchea Thmey Daily
0 Comments