កែប ៖ មនុស្សបីនាក់បានរងរបួសធ្ងន់-ស្រាល ខណៈជិះម៉ូតូបុកគ្នាពេញទំហឹងលើកំណាត់ផ្លូវជាតិលេខ៣៣ ទិសដៅផ្ទុយគ្នា ដោយហេតុការណ៍ខាងលើត្រូវបានសមត្ថកិច្ចអះអាងថា បណ្ដាលមកពីបុរសរងគ្រោះផឹកស្រាស្រវឹងយ៉ាងជោកជាំ ទើបបង្កជាករណីគ្រោះថ្នាក់ធ្ងន់ធ្ងរបែបនេះ។
យោងតាមសំដីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីទៀបភ្លឺ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចមុខមន្ទីរសុខាភិបាលខេត្តកែប ស្ថិតក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុង-ខេត្តកែប។
ប្រភពពីសមត្ថកិច្ចដដែលបានបញ្ជាក់ទៀតថា ការប៉ះទង្គិចគ្នារវាងយានយន្តទាំងពីរគ្រឿង គឺផ្ដើមឡើងដោយសារអ្នកបើកបរសេពគ្រឿងស្រវឹង ដោយមុនពេលកើតហេតុ ភាគីម៉ូតូC125 ពណ៌ខ្មៅស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AP-7077 ជិះគ្នាពីរនាក់ អ្នកបើកបរមានឈ្មោះ ញ៉ែត ទិត្យ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ រងរបួសធ្ងន់ រស់នៅក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប និងអ្នករួមដំណើរ ឈ្មោះ កៅ ណាង ភេទប្រុស អាយុ២៦ឆ្នាំ រងរបួសស្រាល មានទីលំនៅជាមួយគ្នា។ ដោយឡែក ភាគីម៉ូតូZOOMER.X ពាក់ស្លាកលេខ កែប 1A-2879 បើកបរដោយឈ្មោះ ភូ អ៊ង ភេទប្រុស អាយុ២០ឆ្នាំ នគរបាល រងរបួសធ្ងន់។
ក្រោយពីវាស់វែង មធ្យោបាយទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចនាំទៅរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលក្រុងកែបសម្រាប់ធ្វើការដោះស្រាយគ្នាជាក្រោយ។ ចំណែកអ្នករងរបួសធ្ងន់-ស្រាល ត្រូវបានរថយន្តសាម៉ុយដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកែប៕
Source: Kampuchea Thmey Daily
0 Comments