ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងលែងអនុញ្ញាតឲ្យអ្នកដែលចូលប្រទេសដោយខុសច្បាប់សុំសិទ្ធិជ្រកកោនទៀតហើយ។ ក្រុមមន្ត្រីបានលើកឡើងបែបនេះខណៈដែលពួកគេបានបង្ហាញពីការបង្ក្រាបថ្មីដ៏ចម្រូងចម្រាសមួយលើការធ្វើអន្តោប្រវេសន៍។
ការដាក់កំហិតលើពាក្យសុំសិទ្ធិជ្រកកោននេះគឺជាការព្យាយាមដោះស្រាយនូវអ្វីដែលមន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់ហៅថាជា “ការរំលោភបំពានដែលមិនធ្លាប់មានពីមុនមកលើប្រព័ន្ធអន្តោប្រវេសន៍របស់យើង” នៅតាមបណ្តោយព្រំដែនជាប់ប្រទេសម៉ិកស៊ិក។
ច្បាប់ថ្មីនេះត្រូវបានបញ្ចេញដោយក្រសួងសន្តិសុខមាតុភូមិហើយត្រូវបានរំពឹងថានឹងទទួលបានហត្ថលេខារបស់លោកប្រធានាធិបតី Donald Trump ក្នុងពេលឆាប់ៗនេះព្រមទាំងប្រឈមនឹងការជំទាស់ពីតុលាការផងដែរ។
ស្របពេលជាមួយគ្នានោះដែរ សហភាពសេរីភាពស៊ីវិលអាមេរិកាំង (ACLU) បាននិយាយថា សិទ្ធិក្នុងការស្នើសុំសិទ្ធិជ្រកកោនត្រូវតែត្រូវបានផ្តល់ឲ្យដល់នរណាម្នាក់ដែលចូលក្នុងប្រទេសនេះដោយមិនគិតពីកន្លែងដែលពួកគេនៅ។
ACLU បាននិយាយថា “ច្បាប់របស់សហរដ្ឋអាមេរិកបានអនុញ្ញាតឲ្យបុគ្គលម្នាក់ៗដាក់ពាក្យសុំសិទ្ធិជ្រកកោនបើទោះបីជាពួកគេស្ថិតនៅក្នុងច្រកចូលក៏ដោយ។ វាជាការខុសច្បាប់ក្នុងការចៀសវាងបញ្ហានេះដោយទីភ្នាក់ងារឬបញ្ជារបស់ប្រធានាធិបតី”។
ប៉ុន្តែបើយោងទៅតាមច្បាប់ថ្មីនេះ លោក Trump មានអំណាចក្នុងការដាក់កំហិតលើការធ្វើអន្តោប្រវេសន៍ខុសច្បាប់ប្រសិនបើគាត់កំណត់ថា វាជាផលប្រយោជន៍របស់ជាតិ។
រដ្ឋបាលរបស់លោក Trump បានអះអាងថា លោកមានអំណាចប្រតិបត្តិដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ក្នុងនាមជាសន្ដិសុខជាតិដែលវាជាអំណាចមួយដែលលោកបានយកមកប្រើភ្លាមៗបន្ទាប់ពីលោកបានឡើងកាន់អំណាចជាមួយនឹងការហាមប្រាមដ៏ចម្រូងចម្រាសទៅលើអ្នកធ្វើដំណើរមកពីប្រទេសភាគច្រើនដែលកាន់សាសនាឥស្លាម៕ AFP
Source: Kampuchea Thmey Daily
0 Comments