ភ្នំពេញ ៖ រដ្ឋាភិបាលអូស្ត្រាលី បានបង្កើតគម្រោងការប្រើប្រាស់ថាមពលកកើតឡើងវិញនៅខេត្តចំនួន៥ ដូចជា ខេត្តកំពត កណ្ដាល ស្វាយរៀង តាកែវ និងព្រៃវែង ហើយបើគម្រោងនេះ ទទួលបានជោគជ័យ អង្គការ «អាយហ្វាត» របស់ប្រទេសអូស្ត្រាលី នឹងបន្តពង្រីកឲ្យបានទៅដល់គ្រប់ខេត្តគោលដៅនៅទូទាំងប្រទេសកម្ពុជានាឆ្នាំ២០២០។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកស្រី Bridgetmcintosh នាយកប្រចាំប្រទេសកម្ពុជា និងប្រចាំអាស៊ី និងជាប្រធានគម្រោងរបស់ ENERGY Week Cambodia បានឲ្យដឹងនៅក្នុងកម្មវិធីផ្សព្វផ្សាយគម្រោងការកកើតឡើងវិញថាមពលស្អាត កាលពីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា កម្មវិធីថ្ងៃនេះ គឺចង់បង្ហាញពីគម្រោង នៃការបង្កើតថាមពលកកើតឡើងវិញ ថាមពលស្អាត ដូចជាខ្យល់ ពន្លឺព្រះអាទិត្យ ទឹក...។
លោកស្រីបន្ថែមថា មូលហេតុដែលបង្កើតគម្រោងកកើតឡើងវិញថាមពលស្អាតនេះ ដោយសារតែចង់ឲ្យមនុស្សយល់ដឹងពីការប្រើប្រាស់ថាមពលកកើតឡើងវិញ ក្នុងន័យរក្សាបរិស្ថាននៅពេលអនាគត។
អត្ថប្រយោជន៍ពីថាមពលកកើតឡើងវិញ ទាញយកពន្លឺព្រះអាទិត្យសម្រាប់សូឡាមកប្រើប្រាស់ជាភ្លើងចង្ក្រានចម្អិនអាហារ ភ្លើងបំភ្លឺក្នុងភូមិឋានជាដើម។
ចំណែកខ្យល់ក៏អាចយកទៅប្រើប្រាស់ជាថាមពលកកើតឡើងវិញបានដែរ ដោយយកវាមកប្រើជាមួយតួប៊ីនឲ្យវិលផលិតជាចរន្តអគ្គិសនី។
ក្រៅពីនេះកាកសំណល់ចេញពីសំណល់កសិកម្ម ក៏អាចយកមកដុតដើម្បីបង្កើតបានជាថាមពល រីឯចលនារលកទឹកសមុទ្រ ក៏អាចច្នៃប្រឌិតទាញយកមកប្រើប្រាស់បង្កើតជាថាមពលបានដែរ។
ការប្រើប្រាស់បច្ចេកទេសថ្មីៗទាក់ទងថាមពលកកើតឡើងវិញនេះ ចំណេញថវិកាជាងការប្រើប្រាស់ថាមពលអគ្គិសនី ហើយថាមពលកកើតឡើងវិញមានអត្ថប្រយោជន៍ច្រើន ជួយដល់ប្រជាកសិករក្នុងការងារបង្កបង្កើនផល តាមរយៈការប្រើប្រាស់សូឡាទាញថាមពលកកើតឡើងវិញមកប្រើប្រាស់បូមទឹកចល័តបានច្រើនម៉ោង បានគ្រប់ពេលវេលាទាំងទីជិត និងទីឆ្ងាយ ដោយមិនបាច់មានភ្លើងអគ្គិសនី ឬក៏ប្រើម៉ាស៊ីនភ្លើងចំណាយប្រេងសាំង ចំណាយ ថវិកាច្រើន។
ចំពោះគុណភាពរបស់សូឡាសម្រាប់ទាញយកពន្លឺព្រះអាទិត្យមកប្រើប្រាស់ជាថាមពលកកើតឡើងវិញ គឺចំណាយតែម្ដងប្រើប្រាស់បានរហូតដល់១០ឆ្នាំ ទោះបីវាខូច តែខូចតិចតួចលើបញ្ហាតែបច្ចេកទេសប៉ុណ្ណោះ។
លោកស្រីក៏បានឲ្យដឹងទៀតថា នេះជាលើកទីមួយហើយសម្រាប់កម្ពុជា ជាប្រទេសដែលមានអាទិភាពខ្លាំងក្នុងការទាញយកពន្លឺព្រះអាទិត្យតាមរយៈបន្ទះសូឡា ដើម្បីបង្កើតជាអគ្គិសនីប្រើប្រាស់។
លោកស្រីបន្តទៀតថា សម្រាប់កម្មវិធីថាមពលកកើតឡើងវិញនេះ ខាងរដ្ឋាភិបាល អូស្ត្រាលី អាល្លឺម៉ង់ ជប៉ុន ចិន និងបណ្ដាប្រទេសផ្សេងទៀត បានកំពុងតែចាប់អារម្មណ៍លើថាមពលកកើតឡើងវិញនេះ។
លោកស្រីបានសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យជួយជំរុញប្រជាជនកម្ពុជាងាកមកប្រើប្រាស់ថាមពលកកើតឡើងវិញឲ្យបានច្រើន ដើម្បីកាត់បន្ថយការចំណាយថវិកានៅក្នុងការរស់នៅ ព្រមទាំងជួយកសិករអាចទាញយកថាមពលពីសូឡាមកបង្កបង្កើនផលបានល្អ និងបានច្រើនជាងមុនទៀតផង៕
Source: Kampuchea Thmey Daily
0 Comments