ភ្នំពេញ ៖ បុរសជាចោរឆក់ទូរស័ព្ទម្នាក់ ក្នុងចំណោម២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ ខណៈពួកគេ ធ្វើសកម្មភាពឆក់យកទូរស័ព្ទគេ ដែលកំពុងតែនិយាយ ពេលជិះម៉ូតូតាមផ្លូវជាមួយគ្នា កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវលេខ១០១៩ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើ ឈ្មោះ សុខ ថា ហៅហុង អាយុ៣២ឆ្នាំ ទីលំនៅភូមិដួង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ គ្មានមុខរបរច្បាស់លាស់ និងបក្ខពួកគេម្នាក់ទៀតដែលរត់គេចខ្លួន ឈ្មោះ ឃ្លី។
បើតាមការរៀបរាប់របស់ជនរងគ្រោះ ឈ្មោះ ឡុង ចិន្តា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិពោធិរ៉ាល ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល បានបញ្ជាក់ថា នៅមុនពេលកើតហេតុគាត់ធ្វើដំណើរតាមផ្លូវលេខ១០១៩ ខណៈនោះឪពុករបស់នាងបានទូរស័ព្ទមកឲ្យទៅស្រុក។ ពេលកំពុងតែនិយាយទូរស័ព្ទមានបុរស២នាក់ដែលកំពុងតែធ្វើដំណើរពីក្រោយនាង បានជិះម៉ូតូមកអែប រួចឆក់យកទូរស័ព្ទពីដៃរបស់នាង គ្រានោះនាងស្រែកចោរៗ ហើយចៃដន្យប៉ូលិសមូលដ្ឋានកំពុងយាមល្បាតតាមផ្លូវបានប្រទះឃើញ ក៏ប្រដេញតាមបង្ក្រាបចាប់ខ្លួនបានម្នាក់ ឯបក្ខពួកគេម្នាក់ទៀតកំពុងរត់គេចខ្លួនបាត់។
ជនរងគ្រោះបានបញ្ជាក់ថា ទូរស័ព្ទនាង ដែលបក្ខពួកចោរបានឆក់យកទៅបាត់នោះម៉ាកអាយហ្វូនស៊ិចផ្លឹស ពណ៌ទឹកប្រាក់។
ចំណែកជនជាប់ចោទឈ្មោះ សុខថា បានសារភាពថា បក្ខពួករបស់គាត់ម្នាក់ដែលបានចូលរួមឆក់ហើយយគេចខ្លួនបាត់នោះ ឈ្មោះ ឃ្លី អាយុប្រហែល២៨ឆ្នាំ មានទីលំនៅម្ដុំភ្នំបាសិត ស្រុកពញាឮ។
ប៉ូលិសបានកំពុងតាមស្រាវជ្រាវរកជនសង្ស័យ ឈ្មោះ ឃ្លី ដើម្បីតាមចាប់ខ្លួនយកមកផ្ដន្ទាទោសជាមួយដៃគូរបស់គេដែលត្រូវបានចាប់ខ្លួន ហើយត្រូវមហាជនវាយដំយ៉ាងដំណំដោយកំហឹង ប៉ុន្តែត្រូវបានប៉ូលិសឃាត់ទាន់៕
Source: Kampuchea Thmey Daily
0 Comments