ភ្នំពេញ ៖ បុរសជនបរទេសម្នាក់ បានរងរបួសបែកក្បាលហូរឈាម ព្រោះតែគាត់បានចូលទៅផឹកស៊ីនៅក្នុងបារបារាំងមួយកន្លែងនៅម្ដុំជិតផ្សារកណ្តាល លុះពេលដល់ស្រវឹង ស្រាប់តែបង្កការអុកឡុកនិងរករឿងស្រីៗ ក្នុងបារបារាំងនោះ ក៏ត្រូវនាងខឹងវាយបណ្ដាលឲ្យរងរបួស កាលពីវេលាម៉ោង០១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវ១៣០ ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គឺមានជនបរទេសស្បែកសម្នាក់ មិនស្គាល់អត្តសញ្ញាណ វ័យប្រហែលជាង៣០ឆ្នាំ បានចូលទៅក្នុងហាងបារបារាំងមួយកន្លែង នៅម្ដុំផ្សារកណ្តាល ហើយជនបរទេសរូបនោះ ផឹកអស់ស្រាជាច្រើន លុះពេលដែលស្រវឹងក៏ស្រាប់តែមិនព្រមគិតលុយ ថែមទាំងរករឿងស្រីៗក្នុងបារ និងបង្កការអុកឡុកក្នុងបារ ហើយជនបរទេសនោះបានវាយទៅលើស្រីៗ ទើបសន្តិសុខគាត់ចូលទៅហាមឃាត់ ត្រូវជនបរទេសនោះវាយទៀត ទើបសន្តិសុខទ្រាំអត់បាន ក៏វាយនឹងអាយកូមបណ្តាលឲ្យបែកក្បាលហូលឈាមស្រោចពេញខ្លួន ផ្អើលទៅដល់ស្រីៗក្នុងបារនាំគ្នាចោមរោមមើល ភ្លាមៗនោះដែរ ក៏ត្រូវបានគេហៅរថយន្តសង្គ្រោះមកដល់ ប៉ុន្តែជនជាតិបរទេសនោះ មិនព្រមឡើងទៅរថយន្តសង្គ្រោះទេ។
ប្រភពព័ត៌មានបានបន្តទៀតថា ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកជួយនិយាយ និងលួងលោម ទើបជនជាតិបរទេសនោះព្រមឡើងរថយន្តសង្គ្រោះរួចទៅព្យាបាលបាត់ទៅ។ ចំណែកលុយកាក់ដែលផឹកស៊ីអស់នោះគឺមិនបានគិតឲ្យហាងបារបារាំងនោះទេ៕
Source: Kampuchea Thmey Daily
0 Comments