រតនគិរី ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបានលុង ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង៣រសៀល ថ្ងៃព្រហស្បតិ៍ ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចខាងកើតផ្សារបានលុង ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដោយដកហូតថ្នាំញៀនជាច្រើនកញ្ចប់។
មន្ត្រីនគរបាលក្រុងបានលុងបានឲ្យដឹងថា ដំបូងឡើង កម្លាំងជំនាញបានប្រើវិធានញុះញង់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន១កញ្ចប់ ដោយមានការបញ្ជាផ្ទាល់ពីលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត់ ស្នងការរងផែនការងារប្រឆាំងបទល្មើស កម្លាំងជំនាញបានធ្វើការសាកសួរ រួចបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលមានទីលំនៅក្រោយផ្ទះ លោក សាយ សេង នៅខាងកើតផ្សារបានលុង ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដោយមានការសម្របសម្រួលពី លោក រ៉ាបូ រ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានធ្វើការឆែកឆេររកឃើញម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន៥៧កញ្ចប់ទៀត។
មន្ត្រីនគរបាលបន្តថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ ចាំង ត្រា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិវៀតណាម។ ២.ឈ្មោះពៅ ជា ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តទឹកនោម លទ្ធផលម្នាក់ជាប់សារធាតុញៀនក្នុងខ្លួន និងម្នាក់ទៀតគ្មាន។
ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៥៨កញ្ចប់ទម្ងន់១៣.៩៨ក្រាមទាំងសំបកថង់ ទូរស័ព្ទ១គ្រឿង លុយខ្មែរ១៨,០០០រៀល។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង បានឃាត់ និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments